
ខេត្ដក្រចេះ ៖ បុរសជាប្តីដៃដល់ម្នាក់ ត្រូវបាននគរបាលស្រុកចិត្របុរី ខេត្តក្រចេះ ចាប់ឃាត់ខ្លួន ក្រោយពីបុរសជាប្តីរូបនេះ បានធ្វើសកម្មភាពវាយដំលើប្រពន្ឋយ៉ាងចាស់ ដៃរហូតដល់ស្លាប់ ក៏ព្រោះតែខឹងនិងស្រ្តីជាប្រពន្ឋដែលស្រវឹងស្រា និងបានជេប្រមាថមកលើជនដៃដល់ជាប្តីយ៉ាងកប់ៗមាត់។
បុរសជនដៃដល់ជាប្តី ឈ្មោះ ស៊ន ឡា អាយុ៥២ឆ្នាំ រស់នៅឃុំថ្មី ស្រុកចិត្របុរី ហើយត្រូវបាននគរបាលស្រុក កសាងសំណុំរឿង បញ្ជូនខ្លួនមកកាន់ស្នងការនករបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី១ មករា ដោយចោទពីបទហឹង្សាដោយចេតនា មានស្ថានទំងន់ទោស ដោយមរណៈភាពនៃជនរងគ្រោះ។
ករណីអំពើហឹង្សារវាងជនដៃដល់ជាប្តី ជាមួយនឹងស្រ្តីរងគ្រោះជាប្រពន្ឋ ឈ្មោះ សុខ ឌឿ អាយុ៤៩ឆ្នាំ ត្រូវបានអ្នកភូមិនិយាយថា តែងតែកើតមានជាញឹកញាប់ នៅពេលដែលគ្រួសារប្តីប្រពន្ឋទាំងពីរនាក់ផឹកស្រាស្រវឹងរៀងខ្លួនម្តងៗ។ គ្រួសារជនរងគ្រោះមានកូន៤នាក់ ស្រី២នាក់ ហើយសព្វថ្ងៃស្នាក់នៅរោងស្រែ នៅតំបន់ដាច់ស្រយាល ក្នុងឃុំថ្មី ស្រុកចិត្របុរី។
តែយ៉ាងណា ការប្រើអំពើហឹង្សារហូតដល់ប្រពន្ឋស្លាប់ ពីសំណាក់បុរសដៃដល់ជាប្តីនេះ បានកើតមានជាលើកចុងក្រោយ កាលពីយប់ថ្ងៃទី៣០ ខែធ្នូ នៅពេលដែលបុរសជាប្តីក៏ស្រវឹងស្រា ហើយប្រពន្ឋក៏ស្រវឹងស្រាដូចគ្នា។
នាយផ្នែកនគរបាលព្រហ្មទណ្ឌស្រុកចិត្របុរី លោក ហេង ប៊ុនធឿន បានឱ្យដឹងថា ជនដៃដល់ជាប្តី ត្រូវបានកម្លាំងនគរបាលស្រុកចុះទៅចាប់ខ្លួន ក្រោយបង្កហេតុបានមួយថ្ងៃ។ លោកថា បើតាមចម្លើយសារភាពរបស់ជនសង្ស័យដៃដល់ ជាប្តីរូបនេះបាននិយាយថា នៅយប់ថ្ងៃទី៣០ ធ្នូ នៅពេលប្រពន្ឋស្រវឹងស្រាខ្លួន ជនដៃដល់ជាប្តី បានដាំបបរ និងបានហៅប្រពន្ឋឱ្យងើបហូបបបរ តែក្រោយពីប្រពន្ឋងើប ក៏ជេរប្រមាថរូបគេពេញៗមាត់។
ពេលនោះបុរសជាប្តីបានខឹងសប្បារជាខ្លាំង និងបានវាយលើប្រពន្ឋពីដៃចំកញ្ចឹងក បណ្តាលឱ្យស្រ្តីរងគ្រោះបោកក្បាលនៅនឹងថ្មចង្រ្កាន។ បន្ទាប់មករូបគេក៏បានលើកស្រ្តីជាប្រពន្ឋឱ្យមកដេកវិញ តែស្ត្រីជាប្រពន្ឋរងគ្រោះបានស្លាប់នៅពាក់កណ្តាលយប់ថ្ងៃកើតហេតុ។ តាមការពិនិត្យសាកសព ស្រ្តីរងគ្រោះជាប្រពន្ឋបានរងរបួសលើរាងកាយ លើផ្ទៃមុខ និងកញ្ចឹងក៕