
គិតត្រឹមនៅថ្ងៃទី១០ ខែមីនា នេះ មាននាវាចំនួន ២គ្រឿងហើយដែលដឹកវត្ថុធាតុដើម សម្រាប់ផ្គត់ផ្គង់រោងចក្រកាត់ដេរ បានចូលចតកំពង់ផែខេត្តព្រះសីហនុ ខណៈនាវា ៣គ្រឿងទៀតត្រៀមចូលចតនៅកំពង់ផែក្រុងព្រះសីហនុ តាមថ្ងៃផ្សេងៗគ្នាជាបន្តបន្ទាប់។
អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោក ថៃ រិទ្ធី បានបញ្ជាក់ថា នាវាជើងទី១ បានដឹកជញ្ជូនវត្ថុធាតុដើមមកពីប្រទេសចិន សម្រាប់វិស័យវាយនភណ្ឌកាត់ដេរនៅកម្ពុជា បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយការបំពេញឯកសារផ្សេងៗរួមទាំងការលើកដាក់ផ្ទេរសម្ភារៈបានធ្វើទាំងយប់ដោយកម្លាំងកម្មករ បុគ្គលិកនៃកំពង់ផែ និងមន្ត្រីអង្គភាព មានសមត្ថកិច្ចប្រចាំច្រកកំពង់ផែ ដើម្បីពន្លឿនការងារនេះ តាមគោលការណ៍ណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយ៉ាងរលូន៕