
«សមយុទ្ធនាគមាសឆ្នាំ២០២០» ដែលនឹងធ្វើលំហាត់រួមគ្នារវាងកងយោធពលខេមរភូមិន្ទកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន នឹងធ្វើឡើងតាមការគ្រោងទុក ចាប់ពីថ្ងៃទី១៤ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នៅសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី នៃកងពលតូចលេខ៧០ ក្នុងស្រុកជុំគិរី ខេត្តកំពត។
សមយុទ្ធនាគមាស លើកទី៤ នេះ នឹងមានកម្លាំងចូលរួមជាង ៣ពាន់នាក់ ដែលក្នុងនោះភាគីចិន មានកងទ័ពចូលរួមសរុប ២៦៥នាក់ ចំណែកភាគីកម្ពុជា មានកម្លាំងចូលរួម ២ ៨៧១នាក់។ គ្រឿងយុទ្ធភណ្ឌសម្រាប់បំពាក់ឱ្យសមយុទ្ធនេះ មានឧទ្ធម្ភាចក្រ កាំភ្លើងធំ រថក្រោះ រថពាសដែក កាំភ្លើងត្បាល អាវុធធុនស្រាល និងបរិក្ខាយោធាមួយចំនួនទៀតជាដើម៕