
(ភ្នំពេញ)៖លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រសួងសុខាភិបាល កំពុងប្រកាសឲ្យអ្នកអង្គុយជាប់បុរសជនជាតិខ្មែរម្នាក់ ដែលរកឃើញកូវីដ១៩ ដែលជិះលើយន្ដហោះលេខ PG933 ពីទីក្រុងបាងកក មកទីក្រុងភ្នំពេញ ឲ្យមកពិនិត្យសុខភាពជាបន្ទាន់ ឬទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍លេខ ១១៥។
លោក លី សុវណ្ណ បានបញ្ជាក់ថា អ្នកដែលចាំបាច់ត្រូវមកពិនិត្យសុខភាពបន្ទាន់ នៅលើយន្ដហោះនេះ គឺអង្គុយនៅជួរទី ២២, ២៣, ២៤, ២៥ និង២៦។
អ្នកនាំពាក្យក្រសួងសុខាភិបាល បានបន្ថែមថា សម្រាប់អ្នកដំណើរផ្សេងទៀត ដែលធ្វើដំណើរតាមជើងហោះហើរលេខ PG933 អ្នកត្រូវត្រួតពិនិត្យតាមដាន សុខភាពរបស់អ្នករយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលជើងហោះហើរចុះចត នៅប្រទេសកម្ពុជា ហើយទាក់ទងក្រសួងសុខាភិបាលដោយទូរស័ព្ទទៅលេខ ១១៥ ប្រសិនបើអ្នកមានរោគសញ្ញាណាមួយ។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន១២ករណីហើយ៕