
បាត់ដំបងៈឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង រួមជាមួយស្ថាប័នជំនាញពាក់ព័ន្ធនិងកងកម្លាំងទាំង៣ប្រភេទ បានចុះត្រួតពិនិត្យមើលនិងកំណត់យកទីតាំងវិទ្យាល័យព្រះមុនីវង្ស រៀបចំត្រៀមបង្ការទុកជាមុន ដើម្បីទទួលពលរដ្ឋស្ម័គ្រចិត្តមកពិគ្រោះ ទទួលការពិនិត្យនិងការការពារ ដើម្បីប្រយុទ្ធប្រឆាំងពីការរាតត្បាតឆ្លងជំងឺកូវីដ១៩ ជាការឆ្លើយតបតាមប្រសាសន៍ណែរនាំរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ការចុះពិនិត្យទីតាំងត្រៀមបង្ការជំងឺកូវីដ១៩នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង រួមជាមួយស្ថាប័នជំនាញពាក់ព័ន្ធនិងកងកម្លាំងទាំង៣ប្រភេទផងដែរ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថាការចុះត្រួតពិនិត្យនិងត្រៀមបំរុងទុកទីតាំងដោយកំណត់យកទីតាំងវិទ្យាល័យព្រះមុនីវង្សនេះគឺដើម្បីត្រៀមទុកជាមុនក្នុងករណីចាំបាច់ ដើម្បីបង្ការទប់ស្កាត់ការរាតត្បាតពីជំងឺផ្លូវដង្ហើម (កូវីដ-១៩)។
ជំហានដំបូងក្នុងការត្រៀមបំរុងនេះ រដ្ឋបាលខេត្តបាត់ដំបង បានកំណត់យកផ្នែកអាគារខាងលិចជាប់របងនិងរៀបចំបន្ទប់មួយចំនួនផ្នែកជាន់ផ្ទាល់ដី ដើម្បីត្រៀមបម្រុងទុកក្នុងការទទួលពិគ្រោះនិងផ្តល់សេវាត្រួតពិនិត្យ ចំពោះពលរដ្ឋដែលស្ម័គ្រចិត្ត មកធ្វើតេស្តពីជំងឺឆ្លងកូវីដ-១៩និងពលរដ្ឋសង្ស័យថាមានពាក់ព័ន្ធមកពីតំបន់ដែលកំពុងតែកើតជំងឺនេះ។
នៅទីនោះ មានការថែទាំ ការផ្តល់សេវាពិគ្រោះនិងត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីក្រុមគ្រូពេទ្យជំនាញប្រចាំការនៅទីនោះ។
គួរបញ្ជាក់ថានៅខេត្តបាត់ដំបងមានប្រជាពលរដ្ឋបានឆ្លងជំងឺកូវីដ១៩ ចំនួន៨នាក់ (ស្រី២នាក់) ខណៈនៅក្នុងប្រទេសកម្ពុជា មានអ្នកឆ្លងចំនួន ៨៤នាក់ ហើយអ្នកជំងឺចំនួន ២នាក់ ត្រូវបានគ្រូពេទ្យកម្ពុជា ព្យាបាលឲ្យជាសះស្បើយនិងពុំមានអ្នកស្លាប់នោះទេ ៕