
នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ម្សិលមិញ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ បានបញ្ជាឲ្យស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវធ្វើយ៉ាងណាគ្រប់គ្រងជាបន្ទាន់នូវពលករខ្មែរប្រមាណ ១៥ពាន់នាក់ ដែលទើបវិលត្រឡប់មកពីប្រទេសថៃចូលកម្ពុជា កាលពីពេលថ្មីៗនេះ ដើម្បីឲ្យពួកគេអនុវត្តន៍វិធានការ «ដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ»។
សម្តេចតេជោ ក៏បានអំពាវនាវដល់បងប្អូនពលករទាំងអស់កុំមានការភ័យខ្លាច អ្នកខ្លះថា ខ្លាចគេយកទៅក្រុងទុក ឥឡូវបើមិនចង់ឲ្យគេយកទៅក្រុងទុក គឺសូមនៅតែក្នុងផ្ទះទៅ កុំដើរទៅណា ហើយត្រូវដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកឆ្ងាយពីគេមួយរយៈពេលសិន ហើយបើមានប្រពន្ធកូន កុំអាលទៅជិតប្រពន្ធកូន ខ្លាចឆ្លងដល់ប្រពន្ធកូន គឺមិនមានអ្វីដែលត្រូវភ័យនោះទេ គឺធ្វើបែបនេះ ដើម្បីធានាសុខភាពរបស់បងប្អូនកូនក្មួយពលករទាំងអស់គ្នា កុំអោយមានឆ្លងជំងឺកូវីឌ-១៩ ពីម្នាក់ទៅម្នាក់ទៀតនៅក្នុងក្រុមគ្រួសារ និងក្នុងសហគមន៍៕