
អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំដល់មន្រ្តីសុខាភិបាល និងអាជ្ញាធរ មូលដ្ឋានទាំងអស់ត្រូវរួមសហការគ្នាចុះផ្សព្វផ្សាយនិងបាញ់ថ្នាំសំលាប់មេរោគនៅតាមផ្សារ សាលារៀន ទីសាធារណៈមួយចំនួនទៀតដើម្បីធ្វើយ៉ាងណាទប់ស្កាត់ និងការពារជំងឺកូវីដ១៩ នៅពេលដែលជំងឺនេះកំពុងតែផ្ទុះឡើងនៅតាមបណ្ដាប្រទេសមួយចំនួនហើយដែលប្រទេសកម្ពុជាយើងក៏កំពុងតែកើតមានឡើងផងដែរ។
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយអភិបាលក្រុងស្រុកទាំង១០និងមន្រ្តីពាក់ព័ន្ធនៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មីនា ឆ្នាំ ២០២០នេះ ឯកឧត្តមអភិបាលខេត្តតាកែវបានមានប្រសាសន៍បន្តថា អភិ បាលក្រុងស្រុក ត្រូវណែនាំដល់អាជ្ញាធរឃុំ ថ្នាក់ដឹកនាំភូមិ ប្រជាការពារ និងយុវជន ឲ្យចុះផ្សព្វផ្សាយតាមភូមិ ក្នុងមូលដ្ឋានរបស់ខ្លួននីមួយៗនូវសារអប់រំរបស់ក្រសួងសុខាភិបាល តាម
រយៈឧបករណ៍បំពងសម្លេង ស្តីពីវិធានការណ៍បង្ការ ទប់ស្កាត់មេរោគ Covid-19 ដល់បងប្អូនប្រជាពលរដ្ឋ ហើយក៏ត្រូវសហការជាមួយក្រុមគ្រូពេទ្យចុះទៅបាញ់ថ្នាំសំលាប់មេរោគតាមផ្សារ សាលារៀន វត្តអារាមនិងទីសាធារណៈផ្សេងទៀតផងដែរ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។
ឯកឧត្តម អ៊ូច ភា បានថ្លែងបន្តថា អភិបាលក្រុង,ស្រុក រួមនិងមន្រ្តីរបស់ខ្លួនក៏ត្រូវចុះធ្វើសកម្ម ភាពតាមរយៈការចុះអប់រំណែនាំដល់ខ្នងផ្ទះ របស់បងប្អូនពលករចំណាកស្រុក ដែលទើបវិលមកភូមិកំណើតនូវរបៀបថែរក្សាអនាម័យ ឲ្យបានត្រឹមត្រូវ និងត្រូវណែនាំពួកគាត់ឲ្យស្នាក់នៅក្នុងផ្ទះចំនួន១៤ថ្ងៃជាមុនសិនហើយប្រសិនបើពួកគាត់ មានរោគសញ្ញាមួយចំនួនដូចជា គ្រុនក្តៅយ៉ាងតិច ៣៨អង្សាសេ ក្អក ហៀរ សំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជានោះ ត្រូវទាក់ទងលេខទូរស័ព្ទ ១១៥ជាបន្ទាន់។
ការធ្វើបែបនេះគឺដើម្បីចូលរួមទប់ស្កាត់ការរីករាដាល នៃមេរោគកូវីដ១៩ ដែលកំពុងតែកើតមានឡើងនៅក្នុងប្រទេសកម្ពុជាយើង។
ក្នុងឱកាសនោះផងដែរឯកឧត្តមអភិបាលខេត្តតាកែវក៏បានធ្វើការណែនាំដល់អភិបាលស្រុកជាប់ព្រំដែនត្រូវធ្វើការសម្របសម្រួលជាមួយអាជ្ញាធរប្រទេសវៀតណាមដើម្បីឲ្យដំណើរការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសទាំង២មានភាពល្អប្រសើរជាពិសេសត្រូវជួយសម្រួលដល់ការដឹកជញ្ចូនស្រូវទៅលក់នៅប្រទេសវៀតណាមរបស់ប្រជាកសិករខ្មែរយើងឲ្យបានរលូននឹងកុំឲ្យមានការរាំងស្ទះអោយសោះ ព្រោះព្រំដែនយើងបិទតែមនុស្សមិនអោយចេញចូល តែទំនិញគឺនៅចរាចរណ៍ដដែល៕