
ឯ.ឧ ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ឲ្យដឹងនៅក្នុង សន្និសីទកាសែតនៅព្រឹកម៉ិញថា ក្នុងមួយឆ្នាំៗមេធាវីស្ម័គ្រ ដែលគាំទ្រដោយ ក្រសួងយុត្តិធម៌ បានជួយដោះស្រាយរឿងក្តីជូនដល់ជនក្រីក្រីបានចំនួនជាង ៣០០០ករណី និងផ្តល់ប្រឹក្សាផ្នែកច្បាប់បានចំនួនជាង៥០០ករណីជារៀងរាល់ឆ្នាំ។
មេធាវីស្ម័គ្រចិត្តទាំងនោះ មាននៅគ្រប់សាលាដំបូងរាជធានីខេត្តទាំងអស់ទូទាំងប្រទេស ដែលសរុបមានចំនួនជាង៣០០នាក់ ក្នុងចំណោមមេធាវីជាង១០០០នាក់នៅប្រទេសកម្ពុជា។
ឯ.ឧអ្នកនាំពាក្យពន្យល់ថា ការចាត់មេធាវីការពារក្តី គឺជាភារៈកិច្ចរបស់គណៈមេធាវី ប៉ុន្តែការបង់ថវិកាទៅមេធាវីទាំងនោះជាបន្ទុករបស់ក្រសួងយុត្តិធម៌។ ទោះយ៉ាងណាក៏មានមេធាវីមួយចំនួន ស្ម័គ្រចិត្តមិនយកថវិកាសោះក៏មាន នៅក្នុងដំណើរការការពារក្តីជូនជនក្រីក្រ។
គួរកត់សំគាល់ថា ថវិកាសម្រាប់មេធាវីជួយជនក្រីក្រ មានការកើនឡើងពី ១២០០លានរៀល នៅឆ្នាំ២០១៩ ដល់១៦០០លានរៀល នៅឆ្នាំ២០២០ ដោយសារកំណើនសេដ្ឋកិច្ចកម្ពុជា។
ក្រសួងនៅតែត្រូវការការចូលរួមស្ម័គ្រចិត្តពីមេធាវីជាច្រើននាក់ទៀត ព្រោះសំណុំរឿងនៅមូលដ្ឋានកាន់តែការកើនឡើងដែរ។
ឯ.ឧ ជិន ម៉ាលីន បានបញ្ជាក់ដែរថា ក្រសួងយុត្តិធម៌ បានដាក់ឲ្យដំណើរការរួចហើយ មណ្ឌលសេវាយុត្តិធម៌នៅតាមស្រុក-ខណ្ឌ ចំនួន៦៨មណ្ឌល នៅក្នុងរាជធានីខេត្តចំនួន១០. នៅពេលខាងមុខ ក្រសួងនឹងបង្កើតឲ្យគ្រប់ស្រុក-ខណ្ឌ ទូទាំងរាជធានីខេត្ត ឲ្យបានចំនួន១៨មណ្ឌលក្នុងមួយឆ្នាំ។
មណ្ឌលសេវាយុត្តិធម៌នេះ បានដើរតួនាទីយ៉ាងសំខាន់ដើម្បី ទី១. ធ្វើការអប់រំផ្សព្វផ្សាយច្បាប់ដល់ពលរដ្ឋនៅមូលដ្ឋាន ទី២.ធ្វើការប្រឹក្សាផ្នែកច្បាប់ដល់ពលរដ្ឋនៅមូលដ្ឋាន ទី៣. ធ្វើការសំរុះសម្រួលក្រៅប្រព័ន្ធតុលាការ ដែលជាសំណុំរឿងព្រហ្មទណ្ឌតូចតាច និងរដ្ឋប្បវេណីប៉ុណ្ណោះ។
នៅពេលខាងមុខ មណ្ឌលសេវាយុត្តិធម៌នេះ នឹងត្រូវធ្វើសមាហរណកម្មទៅក្នុងការយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន របស់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺរដ្ឋបាលក្រុង ស្រុក និងខណ្ឌ ក្រោយអនុក្រឹតរបស់រាជរដ្ឋាភិបាល ឆ្នាំ២០១៩៕