
កណ្តាល ៖ កម្លាំងនគរបាលស្រុកស្អាង ត្រូវបានបុរសកសិករម្នាក់ ជេរ និងប្រមាថថា៖ “មកបង្ក្រាបវង់ល្បែង មិនស្លៀក ពាក់ឯកសណ្ឋាន មានច្បាប់មកពីណា” ។ ការដែលបុរសខាងលើជេរ និងប្រមាថសមត្ថកិច្ចបែបនេះ គឺខណៈពេលដែលកម្លាំងនគរបាលស្រុកស្អាង ចុះទៅធ្វើការបង្ក្រាបវង់ល្បែងស៊ីសង (អាប៉ោង) ខុសច្បាប់មួយកន្លែង នៅក្នុងភូមិតាកល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល កាលពីវេលាម៉ោងជាង១រសៀល ថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៨ ។
លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឱ្យដឹងថា នៅវេលាកើតហេតុខាងលើ កម្លាំងនគរបាល ស្រុកស្អាង បានចុះបង្រ្កាបមុខសញ្ញាលេងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) នៅចំណុចកើតហេតុខាងលើ ខណៈពេល ដែលសមត្ថកិច្ចកំពុងបង្ក្រាប ស្រាប់តែមានឈ្មោះ ហៀង ភានិត ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅភូមិ តាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល បានមកដល់និយាយប្រមាថមកលើសមត្ថកិច្ចនគរបាល ថា “មកបង្ក្រាបមិនស្លៀកពាក់ឯកសណ្ឋាន មានច្បាប់មកពីណា” ។


សមត្ថកិច្ចយើងបានប្រាប់ថា “បើស្លៀកពាក់ឯកសណ្ឋាន ចាប់មិនបានទេ” ប្អូនទៅផ្ទះវិញទៅ ពេលជាមួយគ្នានោះឈ្មោះ ហៀង ភានិត មិនស្តាប់ក៏យកទូរសព្ទ័ដៃម៉ាក iPhone ថតសមត្ថកិច្ច ភ្លាមនោះសមត្ថកិច្ចនគរបាលបានឃាត់មិនឱ្យថត ដោយសារខ្លួន (ភានិត) មិនមែនជាអ្នកសារព័ត៍មាន ពេលនោះឈ្មោះ ហៀង ភានិត និយាយប្រមាថទៀតថា “ពួកអាចុយ ម្រាយ ពួកហ្អែងអាងអី ” រំពេចនោះសមត្ថកិច្ចនគរបាល បានឃាត់ខ្លួនឈ្មោះ ហៀង ភានិត បញ្ជូនមកអធិការដ្ឋាននគរ បាលស្រុកស្អាង។
ដោយឡែក ប្រតិបត្តិការបង្ក្រាបវង់ល្បែងស៊ីសងអាប៉ោងខាងលើ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនអ្នកញៀនល្បែង៣នាក់ ទី១-ឈ្មោះភុម ផុន ភេទ ប្រុស អាយុ៤៥ ជនជាតិ ខ្មែរ មុខរបរ កសិករ, ទី២-ឈ្មោះសុខ ផុន ភេទ ប្រុស អាយុ៤៣ ជនជាតិ ខ្មែរ មុខរបរកសិករ និងទី៣-ឈ្មោះឡាយ វុទ្ធី ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ។ អ្នកទាំង០៣ មានទីលំនៅ ភូមិ តាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
ចំពោះវត្ថុតាងដកហូតបានរួមមាន កម្រាលចាក់អាប៉ោងចំនួន ០១, មេអាប៉ោងចំនួន០១គ្រាប់, ចានបាញ់អាប៉ោងចំនួន០១, ជើងទម្រចំនួន ០១, គ្របចាន អាប៉ោងចំនួន០១, ប្រាក់ចំនួន១១១៥០០៛(ដប់មួយម៉ឺនមួយពាន់ប្រាំរយរៀលគត់) និងម៉ូតូចំនួន០៥គ្រឿង ។


នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ សុខ ផុន បានសារភាពថាខ្លួនពិតជាធ្វើមេបាញ់អាប៉ោង នៅចំណុចផ្ទះឈ្មោះ សេន តឿ ពិតប្រាកដមែន ចំណែកឈ្មោះភុម ផុននិងឈ្មោះឡាយ វុទ្ធី ខ្លួនជាអ្នកចូលរួមចាក់អាប៉ោង ។ បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕



