កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោក ឱ្យកាន់តែស្អិតរមួត និងរឹងមាំបន្ថែមទៀត ជាពិសេសលើសកម្មភាពផ្លាស់ប្តូរទៅវិញទៅមកក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។
គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំពិភាក្សាការងារជាមួយនឹង ឯកឧត្តម ឧត្តមសេនីយ៍ទោ ខាំលៀង ឧថាកៃសន អនុរដ្ឋមន្ត្រីការពារប្រទេស និងជាប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល០៣ថ្ងៃ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ ជាពិសេសដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃការអនុវត្តនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដូចដែលប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងជំនួបទ្វេភាគីក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពី “បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក” នៅប្រទេសជប៉ុន កាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅ។
ឯកឧត្តម ប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការជាលើកទី១ មកកាន់ប្រទេសឡាវរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលនេះគឺជាការផ្សារភ្ជាប់ទំនាក់ទំនងមួយដ៏សំខាន់រវាងកងទ័ពនៃប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានសម្តែងនូវក្តីសង្ឃឹមថា វឌ្ឍនភាពនេះ ក៏នឹងចូលរួមចំណែកដល់ការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ក្នុងនាមជាប្រទេសជិតខាងល្អ ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរអង្វែងជាមួយគ្នា។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរំឭកអំពីចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា-ឡាវ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធតាំងពីដើមរៀងមក ជាពិសេសចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតផ្លូវការក្នុងឆ្នាំ១៩៥៦ ហើយនៅក្នុងឆ្នាំ២០១៩ ទំនាក់ទំនងទ្វេភាគីកម្ពុជា-ឡាវ ត្រូវបានលើកកម្ពស់ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ ជាពិសេស ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តរួចមកហើយ ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងនេះឱ្យមានកម្រិតកាន់តែខ្ពស់ឡើងបន្ថែមទៀត៕
ដោយ៖ប៊ុនលេង និងសុផលមុនី






