នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យរបស់កងទ័ពអ៊ីស្រ្តាអែល បាននិយាយថា ខ្លួនបានរកឃើញផ្លូវរូងក្រោមដីប្រវែង ៥៥ ម៉ែត្រ ជម្រៅ 10ម៉ែត្រ ជាផ្លូវរូងក្រោមដីនៅក្រោមកន្លែងព្យាបាលដ៏ធំបំផុតរបស់ហ្គាហ្សា ដែលស្ថិតនៅក្រោមការឡោម ព័ទ្ធដោយកងទ័ពអ៊ីស្រាអែលអស់រយៈពេលជាច្រើនថ្ងៃ។
កងទ័ពបានចេញផ្សាយវីដេអូនៅលើ Telegram ផ្លូវការរបស់ខ្លួន ដែលបង្ហាញពីទាហានម្នាក់ទម្លាក់ខ្លួនចូលទៅក្នុងរូងក្រោមដី។ វីដេអូនេះ ត្រូវបានថតដោយកាមេរ៉ាពីរដាច់ដោយឡែកពីគ្នាកាលពីថ្ងៃទី១៧ ខែវិច្ឆិកា។ វីដេអូនេះបង្ហាញពីជណ្តើរដែលនាំទៅដល់ផ្លូវបេតុងកោងដែលបញ្ចប់ដោយអ្វីដែលមើលទៅដូចជាទ្វារ។
កងទ័ពនិយាយថា វាជាច្រកចូលនៃផ្លូវរូងក្រោមដីដែលមាន “ទ្វារការពារការផ្ទុះ និងការបាញ់”។
យោងតាមសេចក្តីថ្លែងការណ៍ ផ្លូវរូងក្រោមដីនេះត្រូវបានគេរកឃើញ “នៅក្នុងតំបន់នៃមន្ទីរពេទ្យ ក្រោមរោងជាងមួយកន្លែងក្បែររថយន្ត ដែលមានអាវុធជាច្រើនរួមទាំង RPGs គ្រឿងផ្ទុះ និងកាំភ្លើង កាលាសនីកូវ។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល បានប្រាប់អ្នកយកព័ត៌មានថា ច្រកចូលត្រូវបានរកឃើញនៅពេលដែលរថយន្តឈូសឆាយយោធាបានវាយកម្ទេចជញ្ជាំងខាងក្រៅនៃអគារមន្ទីរពេទ្យ ហើយបានរកឃើញបង្គោលរឹងមាំ ដែលមានជណ្តើររាងជារង្វង់ជម្រៅ ១០ ម៉ែត្រ៕
ដោយ ប៊ុន សុភាព






