ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍កាលពីថ្ងៃចន្ទថា កប៉ាល់ប្រយុទ្ធនៃកងនាវាចរប៉ាស៊ីហ្វិក របស់រុស្ស៊ីបានធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹក នៅសមុទ្រជប៉ុន ក៏ដូចជាការបាញ់កាំភ្លើងធំនៅសមុទ្រ និងគោលដៅអាកាសក្នុងអំឡុង ពេលត្រួតពិនិត្យការត្រៀមខ្លួនភ្លាម ៗ។
របាយការណ៍បាននិយាយថា នាវាទាំងនោះបានចាកចេញពីមូលដ្ឋានអចិន្ត្រៃយ៍របស់ពួកគេ ហើយបានទៅដល់តំបន់ហ្វឹកហ្វឺន ដែលបានកំណត់ ជាកន្លែងដែលពួកគេបានធ្វើសមយុទ្ធយុទ្ធសាស្ត្រក្នុងទម្រង់ផ្សេងៗគ្នា និងផ្តល់ការការពារគ្រប់ប្រភេទសម្រាប់ក្បួននាវាកងទ័ព ជើងទឹកក្នុងអំឡុងពេលឆ្លងកាត់សមុទ្រ។
លោក សឺហ្កេរ មេីគួឡូវ (Sergey Merkulov) មេ បញ្ជាការនាវា ចម្បាំង ម៉ាសសាល សាផូសនីកូវ (Marshal Shaposhnikov) បាននិយាយថា ការងារទាំងអស់ត្រូវបានបញ្ចប់ ដោយបន្ថែមការត្រួតពិនិត្យការត្រៀមខ្លួនភ្លាមៗមិនមានការលំបាកសម្រាប់ក្រុមរបស់គាត់នោះឡេីយ ដោយ សារតែសមាជិកក្រុមបានទទួល ការបណ្តុះបណ្តាលស្ទើរតែរៀងរាល់សប្តាហ៍ចាប់តាំងពីខែមករាមក។
ក្រោមការបញ្ជារបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន សមយុទ្ធបានចាប់ផ្តើមពីថ្ងៃសុក្រ ដោយមានការចូលរួមពីកងទ័ពជើងទឹក និងអាកាស ព្រមទាំងយោធា និងអង្គភាពគាំទ្រផងដែរ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






