
កញ្ចប់ថង់ផ្លាស្ទិកចំនួន៥ ដែលគេជឿថា មានផ្ទុកសារធាតុកូកាអ៊ីនបានបោកបក់នៅលើឆ្នេរខ្សាច់ក្នុងទីក្រុងស៊ីដនី រកឃើញដោយអ្នកដើរលេងឆ្នេរនៅ Freshwater និង Curl Curl កាលពីថ្ងៃច័ន្ទ សរុបចំនួន៥ គីឡូក្រាមត្រូវបានប៉ូលីសរឹបអូស។ កូកាអ៊ីនជាង ២៥០ គីឡូក្រាមត្រូវបានគេរកឃើញនៅតាមបណ្តោយឆ្នេរសមុទ្រ New South Wales ចាប់តាំងពីកញ្ចប់ដំបូងត្រូវបានគេប្រទះឃើញនៅក្នុងតំបន់ឆ្នេរកណ្តាល នៅប្រហែល៩០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងស៊ីដនី។ ក្រុមអ្នកស៊ើបអង្កេតបានវិភាគហើយនិយាយថា កញ្ចប់ទាំងនោះស្ថិតក្នុងទឹកមិនលើសពីប្រាំមួយសប្តាហ៍មុនពេលត្រូវបានរកឃើញ។ យោងតាមទីភ្នាក់ងារអនុវត្តច្បាប់ជាតិ បានឱ្យដឹងថា ប្រជាជនអូស្ត្រាលីបានប្រើប្រាស់ថ្នាំញៀន មេតំហ្វេតាមីន កូកាអ៊ីន ហេរ៉ូ អ៊ីន និង MDMA ចំនួន១៦.៥តោន ក្នុងឆ្នាំដែលបញ្ចប់ត្រឹមខែសីហា ឆ្នាំ ២០២៣ ដែលតំណាងឱ្យការប្រើប្រាស់កើនឡើង ១៧% ពីរយៈពេល ១២ខែមុន៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច

