
Al Jazeera ៖ ក្រសួងការពារជាតិតួកគីបាននិយាយថា កប៉ាល់ចំនួនបីបន្ថែមទៀតដែលដឹកគ្រាប់ធញ្ញជាតិអ៊ុយក្រែន បានចាកចេញពីកំពង់ផែសមុទ្រខ្មៅ ហើយកំពុងធ្វើដំណើរទៅកាន់ប្រទេសតួកគីដើម្បីត្រួតពិនិត្យ។ កប៉ាល់ចំនួនពីរគឺ (ប៉ូឡាណេត) Polarnet ដែលមានទង់ជាតិទួរគី និង (រ៉ូហ្សិន)Rojen ដែលមានទង់ជាតិ (ម៉ាល់តា) បានចាកចេញពីកំពង់ផែ (ឆរ ណូម៉ឺស) Chornomorsk ។ មួយគ្រឿងទៀត ម៉ាក (ណាវី ស្តារ)Navi Star ដែលមានទង់ជាតិប៉ាណាម៉ា បានចាកចេញពីកំពង់ផែ (អូដេសា)Odesa ។ រួមបញ្ចូលគ្នា កប៉ាល់ទាំងនោះផ្ទុកពោតជាង 58,000 តោន ហើយកំពុងធ្វើដំណើរទៅកាន់ប្រទេសទួរគី អៀរឡង់ និងចក្រភពអង់គ្លេស។
កិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ មានគោលបំណងបន្ធូរបន្ថយវិបត្តិស្បៀងអាហារពិភពលោក ដោយបង្កើតច្រករបៀងដឹកជញ្ជូនសមុទ្រខ្មៅប្រកបដោយសុវត្ថិភាព ដើម្បីនាំចេញផលិតផលកសិកម្មរបស់អ៊ុយក្រែន។ ការត្រួតពិនិត្យលើកប៉ាល់ដោយអ្នកត្រួតពិនិត្យព្យាយាមធានាថាកប៉ាល់ដឹកទំនិញចេញទៅក្រៅមានផ្ទុកតែគ្រាប់ធញ្ញជាតិ ជី ឬអាហារ មិនមែនទំនិញផ្សេងទៀតទេ ហើយកប៉ាល់ដែលចូលមកមិនមានផ្ទុកអាវុធ៕
ប្រែសម្រួលដោយ: ជ ង៉ា

