កម្ពុជាចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាកត្តាជំរុញដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។ នេះជាការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ក្នុងឱកាសបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP) នៅទីក្រុងបាងកក ប្រទេសថៃ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានគូសបញ្ជាក់ថា នវានុវត្តន៍ឌីជីថលមានសារៈសំខាន់ណាស់ចំពោះនិរន្តរភាព បរិយាបន្ន និងការអភិវឌ្ឍដែលមានភាពធន់ ជាពិសេសក្នុងការដោះ ស្រាយវិសមភាព ដែលកាន់តែធ្ងន់ធ្ងរឡើង បង្កដោយជំងឺរាតត្បាតកូវីដ១៩ ក៏ដូចជាការឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការដែលកំពុងកើនឡើងរបស់ប្រជាជនរបស់យើង។ តាមរយៈការប្រើប្រាស់បច្ចេក វិទ្យា យើងអាចបង្រួមគម្លាតក្នុងការចាប់យកឱកាស និងការប្រើប្រាស់សេវាកម្មសំខាន់ៗ។ ម្យ៉ាងវិញទៀត វាអនុញ្ញាតឲ្យយើងចែករំលែកអត្ថប្រយោជន៍ នៃការអភិវឌ្ឍដល់ប្រជាជនទាំងអស់ស្មើៗគ្នា។ នេះជាការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បច្ចេកវិទ្យាឌីជីថល បានបង្កើតចលករថ្មីនៃការរីក ចម្រើន និងជំរុញការប្រើប្រាស់សេវាសាធារណៈសំខាន់ៗ ក៏ដូចជារួមចំណែក ក្នុងការកសាងសង្គមទំនើប និងស៊ីវិល័យមួយ ដែលប្រជាពល រដ្ឋអាចទទួលបានផលប្រយោជន៍ជាមួយនឹងភាពជឿជាក់ និងសុវត្ថិភាពខ្ពស់ ហើយម្យ៉ាងវិញទៀត វាអាចជួយរក្សាអត្តសញ្ញាណជាតិ និងវប្បធម៌។
ក្នុងន័យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានអនុម័ត «យុទ្ធ សាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដោយមានគន្លឹះអាទិភាពចំនួនប្រាំ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលបច្ចេកវិទ្យាឌីជីថលគឺជាអាទិភាពថ្មី ដែលទើបបានកំណត់ក្នុងបញ្ចកោណទី៥ «ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល»។ ជាងនេះទៅទៀត រាជរដ្ឋាភិបាល ក៏បានអនុវត្តក្របខ័ណ្ឌគោលនយោ បាយផ្សេងៗ រួមមាន «ក្របខណ្ឌគោល នយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥», «គោល នយោ បាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២- ២០៣៥», «គោល នយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣- ២០២៨ » និង «គោលនយោ បាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍ឆ្នាំ ២០២០-២០៣០»។
សម្ដេចបានគូសបញ្ជាក់ទៀតថា ក្នុងបរិបទសកល និងក្នុងតំបន់ កម្ពុជា បាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងរបៀបវារៈគោល នយោបាយប្រព័ន្ធឌីជីថល ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រព័ន្ធឌីជីថលជាសកល និងក្នុងតំបន់ រួមទាំង «ផែនការមេឌីជីថលអាស៊ាន ឆ្នាំ២០២៥» និង «យុទ្ធសាស្ត្រឌីជីថលឆ្នាំ ២០២២- ២០២៥» របស់អង្គការសហប្រជាជាតិ៕






