
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធលក់សំបុត និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ នេះជាការដាក់ឲ្យអនុវត្តនូវ ថ្នាលឌីជីថល សម្រាប់ការលក់ និង ការគ្រប់ គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និង រមណីយដ្ឋាន ទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត ក្រោមសមត្ថកិច្ចរបស់គ្រឹះស្ថានអង្គរ ដែលជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឲ្យប្រសើរឡើង នូវការផ្តល់សេវាជូនដល់ ភ្ញៀវទេសចរអន្តរជាតិ, ការជំរុញការទាក់ទាញទេសចរអន្តរជាតិ និង ការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតងនិង ជាសរសរស្តម្ភមួយដ៏សំខាន់ ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច, បង្កើតឱកាសការងារ និង លើកស្ទួយវប្បធម៌ជាតិ ។
ទេសចរណ៍ ជាវិស័យមួយដែលមានការរីកចម្រើនយ៉ាងរហ័ស តាមរយៈការចាប់យកនូវបច្ចេកវិទ្យាថ្មី ជាពិសេស បច្ចេកវិទ្យាឌីជីថល ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការគ្រប់គ្រង និង ការស្តារឡើងវិញនៃឧស្សាហកម្មទេសចរណ៍ ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿន បានថ្លែងថា “ វិស័យទេសចរណ៍ងាយរងហានិភ័យពីកត្តាខាងក្រៅ ដូច្នេះហើយបានជារាជរដ្ឋាភិបាលបានខិតខំរិះរកភាពច្នៃប្រឌិតថ្មីៗ ដើម្បីបំរើដល់វិស័យទេសចរណ៍ ជាក់ស្តែងការកែទម្រង់ប្រព័ន្ធលក់សំបុត្ររបស់គ្រឹះស្ថានអង្គរនេះ បានអនុញ្ញាតឲ្យគ្រឹះស្ថាន អង្គរ អាចកែសម្រួលនីតិវិធីនៃការត្រួតពិនិត្យសំបុត្រ ដោយប្រើឧបករណ៍ទំនើបមកជំនួសវិញ”។
ឧបនាយករដ្ឋមន្រ្តី នេត សាវឿន បានជំរុញការអនុវត្ត “ផែនការ មេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២១- ២០៣៥” ដោយត្រូវផ្តុំកម្លាំង បន្តពង្រឹង និងកែសម្រួលរចនាសម្ព័ន្ធ និងយន្តការស្ថាប័នក្នុង ការគ្រប់ គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឱ្យបានកាន់តែល្អប្រសើរ ស្របតាមតម្រូវការជាក់ស្តែង ព្រមទាំងជំរុញការរៀបចំអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែកសម្រាប់តំបន់អាទិភាពទាំង៥ រួមមាន៖ តំបន់ឧទ្យានជាតិភ្នំគូលែន, តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី, តំបន់អង្គរ, តំបន់ក្រុងសៀមរាប, និងតំបន់បឹងទន្លេសាប។
ដូចគ្នាដែរ, ស្ថាប័នដែលពាក់ព័ន្ធផ្ទាល់ និងដោយប្រយោលជាមួយ នឹងវិស័យ ទេសចរណ៍ ត្រូវខិតខំអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រ, ផែនការ សកម្មភាព និងយន្តការដែលបានដាក់ចេញ និងត្រូវបន្តកែទម្រង់ជាលំដាប់ ដើម្បីឆ្លើយតបទៅ នឹងតម្រូវការរបស់ភ្ញៀវទេសចរ ត្រូវបង្កើននវានុវត្តន៍, ភាពច្នៃប្រឌិត និងខិតខំប្រើប្រាស់បច្ចេកវិទ្យា នៅក្នុងការផ្តល់សេវាសាធារណៈ និង សេវាពីវិស័យឯកជន ដើម្បីផ្តល់ភាពងាយស្រួលទំនុកចិត្ត និងតម្លាភាព ដល់ភ្ញៀវទេសចរ និងសាធារណជន។
ឯកឧត្តម ឈន សុភាព រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា”គ្រឹះស្ថានអង្គរបន្តធ្វើទំនើបកម្មប្រព័ន្ធលក់សំបុត្រ និងបានដាក់ឱ្យអនុវត្តការទូទាត់ ទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ តាមរយៈប្រព័ន្ធអេឡិចត្រូ និក ដែលភ្ញៀវទេសចរអន្តរជាតិអាចប្រើប្រាស់កាត ឬ បណ្ណឥណទាន ឬបណ្ណឥណពន្ធ ចាប់ពីខែ សីហា ឆ្នាំ ២០១៧ មក។ គ្រឹះស្ថានអង្គរ ក៏បានបន្តធ្វើទំនើបកម្មប្រព័ន្ធលក់សំបុត្ររបស់ខ្លួន ឱ្យកាន់តែទំនើបស្របតាមស្តង់ដារអន្តរជាតិ ដែលអាចផ្តល់តួលេខលក់សំបុត្របានភ្លាមៗ (Real time) និងបានដាក់ឱ្យដំណើរការចាប់ពីខែមករា ឆ្នាំ២០១៨មក ។
គ្រឹះស្ថានអង្គរក៏បានដាក់ឱ្យដំណើរការលក់សំបុត្រអនឡាញ កាលពីខែ មករា ឆ្នាំ ២០១៩ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរអន្តរជាតិក្នុងការទិញសំបុត្របានគ្រប់ពេល វេលា និងគ្រប់ទីកន្លែង ដោយពុំចាំបាច់មកតម្រង់ជួរនៅតាមបញ្ជារលក់សំបុត្រផ្ទាល់”។
គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២៤ គ្រឹះស្ថានអង្គរបានលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចំនួនជាង ១លាននាក់ ១,០២៣,៦៨៨, កើន ២៨,៣% ធៀបនឹងឆ្នាំ ២០២៣, និង ទទួលបាន ចំណូលចំនួនជិត ៥០លានដុល្លារ (៤៩,៦៥៧,៩១៤), កើនបាន ២៨,៩% ធៀបនឹងឆ្នាំ ២០២៣៕


