រាជធានីភ្នំពេញ ៖ បន្ទាប់ពីស្ករត្នោតខេត្តកំពង់ស្ពឺ ត្រូវបានទទួលស្គាល់ជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ចាប់តាំងពីឆ្នាំ២០១០មក ស្ករត្នោតកម្ពុជាក៏បានឈ្នះពានរង្វាន់លេខ១ ជាផលិតផលល្អបំផុតរបស់អាស៊ាន ឆ្នាំ២០១៧ទៀតផង។ កត្តាទាំងនេះបានធ្វើអោយផលិតផលស្ករត្នោតកម្ពុជា កាន់តែមានភាពល្បីល្បាញ ជាក់ស្តែងក្នុងឆ្នាំ២០១៨នេះ មានក្រុមហ៊ុនបញ្ជាទិញច្រើនសំរាប់លក់ទៅក្រៅប្រទេស ដែលជម្រុញអោយការនាំចេញស្ករត្នោតទៅកាន់ទីផ្សារអន្តរជាតិ បានកើនឡើងដល់ប្រមាណ២៥០តោន។
បើតាមការបញ្ជាក់ពីប្រធានសមាគម លើកកំពស់ស្ករត្នោតកំពង់ស្ពឺ លោក សំ សារឿន តាមរយៈសារព័ត៌មានក្នុងស្រុក បានអោយដឹងថា ឆ្នាំ២០១៨នេះ សមាជិកសមាគមនេះផលិតស្ករត្នោតបានប្រមាណ៣០០តោន និងបាននាំចេញទៅលក់ក្រៅប្រទេស បាន២៥០តោន ដែលចំនួននេះកើនលើស៥០តោន បើធៀបទៅនឹងបរិមាណនាំចេញកាលពីឆ្នាំ២០១៧។ ស្ករត្នោតទាំងនេះ ត្រូវបានក្រុមហ៊ុនមួយចំនួន យកទៅកែច្នៃសម្រាប់នាំចេញទៅលក់នៅសហគមអឺរ៉ុប តៃវ៉ាន់ ជប៉ុន កូរ៉េ និងអាមេរិកជាដើម។
សមាគមលើកកំពស់ស្ករត្នោតកំពង់ស្ពឺ ក៏បានបញ្ជាក់ពីគម្រោងក្នុងឆ្នាំ២០១៩ខាងមុខដែរថា នឹងបង្កើនការផលិតស្ករត្នោតអោយបានច្រើន លើសឆ្នាំ២០១៨បន្ថែមទៀត ដោយសារសមាជិកអ្នកឡើងត្នោតត្រូវបានបន្ថែម ឡើងដល់ជាង២០០គ្រួសារ ខណៈដែលមានប្រជាពលរដ្ឋច្រើនចង់ប្រកបរបរឡើងត្នោតនេះ។ បច្ចុប្បន្នគេអាចទាញស្ករលើដើមត្នោតប្រមាណ៣០០ដើម នៅស្រុកឧត្តុង្គ ស្រុកថ្ពង ស្រុកអង្គស្នួល និងស្រុកសំរោងទង ដែលជាប្រភេទស្ករត្នោតមានសំគាល់ភូមិសាស្ត្រ (GI) ទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស។ ក្នុងទឹកត្នោតចំណុះ១០០លីត្រ ចំរេញបានជាស្ករក្រហម១០kg លក់បានប្រមាណ៥០០០រៀលក្នុងមួយគីឡូក្រាម។
សូមបញ្ជាក់ថា ស្ករត្នោតកំពង់ស្ពឺ ត្រូវបានផ្ដល់ឋានៈជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) កាលពីឆ្នាំ២០១០។ បន្ទាប់មកក្នុងឆ្នាំ២០០៥ ស្ករត្នោតកម្ពុជា តាមរយៈជាផលិតផលកែច្នៃរបស់អង្គការ ខនហ្វីរេល (Confirel) បានឈ្នះមេដាយមាសលើកទី១ នៅតំបន់អឺរ៉ុប ក្នុងពិព័រណ៍ពាណិជ្ជកម្ម Nat expo នៅទីក្រុងប៉ារីស។
ដោយឡែកក្នុងខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ ស្ករត្នោតកម្ពុជា ជាផលិតផលរបស់ក្រុមហ៊ុន Confirel ក៏បានឈ្នះពានរង្វាន់លេខ១ ជាផលិតផលល្អបំផុតរបស់អាស៊ាន តាមរយៈសន្និសីទម្ហូបអាហារអាស៊ានលើកទី១៥ នៅប្រទេសវៀតណាម។
ការទទួលបានជ័យជំនះនេះ ដោយសារស្ករត្នោតកម្ពុជា ជាស្ករដែលធ្វើឡើងតាមលក្ខណ:ធម្មជាតិ មិនប្រើសារជាតិគីមីអ្វីទាំងអស់ និងជាស្ករធ្វើតាមប្រពៃណីបុរាណ អាចយកទៅបរិភោគ ឬធ្វើនំចំណីមិនប៉ះពាល់សុខភាពនោះទេ៕ មករា






