
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរ សមរបស់លោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបា ប្រចាំកម្ពុជា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈ សំខាន់នៃការផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ ជាពិសេសដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសគុយបា និងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីគុយបា នៅកម្ពុជាក្នុងឆ្នាំ ២០២២ ដែលបានផ្តល់គុណតម្លៃយ៉ាងខ្លាំងបន្ថែមដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរ អង្វែងរវាងកម្ពុជា និងគុយបា។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ឯកអគ្គរដ្ឋទូតបានកោត សរសើរដល់វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការកម្ពុជា-គុយបា ក្នុងវិស័យសុខាភិបាល កសិកម្ម អប់រំ កីឡា និងការផ្លាស់ប្តូរ ព័ត៌មាន ព្រមទាំងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរ គុណចំពោះការគាំទ្ររបស់ប្រទេសគុយបា ដែលបានប្រែក្លាយមន្ទីរ ពេទ្យហ្លួងម៉ែ ទៅជាមជ្ឈមណ្ឌលឯកទេសព្យាបាលជំងឺមហារីក និងស្វាគមន៍ចំពោះការផ្លាស់ប្តូរនិងចែករំលែកជំនាញវេជ្ជ សាស្ត្រ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីការប្រារព្ធខួប លើកទី៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងគុយបា តាមរយៈការរៀបចំសកម្មភាពរួមគ្នានានា ប្រកបដោយអត្ថន័យខ្លឹមសារ។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលផ្តល់ផលប្រយោជន៍រួម ទៅមកនៅលើឆាកអន្តរជាតិ៕
