កម្ពុជាត្រូវបានទទួលស្គាល់ជាប្រទេសគំរូ ដែលទទួលបានជោគជ័យក្នុងសកម្មភាពបោសសម្អាតមីន និងសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
កម្ពុជាត្រូវបានទទួលស្គាល់ជាប្រទេសគំរូ ដែលទទួលបានជោគជ័យជាទីកត់សម្គាល់ក្នុងសកម្មភាពបោសសម្អាតមីន និងសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចែករំលែកបទពិសោធន៍របស់ខ្លួនទៅកាន់ពិភាពលោក។
កម្ពុជាមានមោទនភាពក្នុងការចូលរួមជាតធាតុចូលសម្រាប់ផែនការសកម្មភាពអនុសញ្ញា និងប្តេជ្ញាអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយនូវសកម្មភាពដែលកំណត់ដោយអនុសញ្ញា។
នេះជាការ បញ្ជាក់របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា នៅក្នុងសន្និសីទសារពត៌មាននៅព្រឹកថ្ងៃទី១៧ ខែតុលានេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា ក្នុងនាមជាប្រធានអនុសញ្ញាក្នុងឆ្នាំ២០២៤ កម្ពុជាបានប្តេជ្ញាចិត្តបន្តសម្រេចឱ្យបាននូវគោលដៅរួមរបស់អនុសញ្ញាអូតាវ៉ា ជាពិសេសគឺការកៀរគរប្រទេសមិនមែនជាភាគីអនុសញ្ញា ឱ្យចូលរួមគាំទ្រ និងចូលជារដ្ឋភាគីនៃអនុសញ្ញា ដើម្បីរួមគ្នាសម្រេចឱ្យបាននូវពិភពលោកមួយដែលគ្មានមីន និងមិនមានការរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ឯកឧត្តម Thomas Gobel ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ និងជាប្រធានកិច្ចប្រជុំរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាអូតាវ៉ា បានថ្លែងថា កម្ពុជា ជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ដែលមានភាពគំរូក្នុងសកម្ម ភាពបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន។
ឯកឧត្តម Thomas Gobel បានកោតសរសើរនូវការខិតខំរបស់កម្ពុជាក្នុងសកម្មភាពបោសសម្អាតមីន កាកសំណល់មិនទាន់ផ្ទុះ និងការសង្រ្គោះជនរងគ្រោះដោយសារមីន នាពេលកន្លងមក។ ឯកឧត្តម បានចាត់ទុកថា កម្ពុជា ជារដ្ឋភាគីគំរូមួយពាក់ព័ន្ធនឹងកិច្ចការដោះស្រាយបញ្ហាមីន។
តាមរយៈសន្និសីទ នៅថ្ងៃនេះ បានធ្វើឱ្យលោករៀនសូត្រ និងទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀត ពីជនរងគ្រោះថ្នាក់ដោយសារមីននៅកម្ពុជា។
ឯកឧត្តម Thomas Gobel បានស្នើរដ្ឋភាគី និងរដ្ឋមិនមែនភាគី ត្រូវផ្ដោតយកចិត្តទុកដាក់លើសន្និសីទសាកលលើកទី៣នេះ ដោយផ្ដោតលើកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាព នាពេលនេះ សំដៅផ្តល់ធាតុចូលសម្រាប់ផែនការសកម្មភាពក្រោមអនុសញ្ញា ដោយផ្ដល់ជាវេទិកាកម្រិតសាកល ដើម្បីឱ្យសហគមន៍ និងជនដែលទទួលរងគ្រោះ បង្ហាញពីក្តីកង្វល់ និងបញ្ហារបស់ពួកគេ។
គួរជម្រាបថា ចំនួនជនរងគ្រោះថ្នាក់ដោយសារមីន បានធ្លាក់ចុះជាទីកត់សម្គាល់ បន្ទាប់ពីការចាប់ផ្តើមនៃអនុសញ្ញាស្ដីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស ឬហៅថា អនុសញ្ញាអូតាវ៉ា ឬអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស កាលពីប្រមាណ ២៥ឆ្នាំមុន។ សូមជម្រាបថា នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៩ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាតិ (UN-ESCAP) កម្ពុជាបានស្នើបញ្ចូលបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចូលទៅក្នុងកិច្ចពិភាក្សារបស់អង្គសន្និបាត៕






