កម្ពុជា-តួកគីយេ ប្តេជ្ញាបន្តកសាងស្ពានសហប្រតិបត្តិការថ្មីៗទៀតជាមួយកម្ពុជា។ ការប្តេជ្ញានេះធ្វើឡើង នៅក្នុងជំនួប រវាងសម្តេចតេតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណា ចក្រកម្ពុជា ជាមួយ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួកគីយេ នៅវិមានរដ្ឋសភា រដ្ឋធានីអង់ការ៉ា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។
ឯកឧត្តមប្រធានសភាតួកគីយេ បានចាត់ទុកសម្តេចតេជោ គឺជាឥស្សរជននយោបាយដ៏សំខាន់បំផុត និងស្ថាបនិកនៃកម្ពុជាទំនើបបច្ចុប្បន្ន។
ឯកឧត្តម បានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់សម្តេចតេជោ មានសារៈសំខាន់ពិសេស ខណៈពេលដែលប្រទេសយើងទាំងពីរ ប្រារព្ធខួបលើកទី៦៥នៃទំនាក់ទំនងកាទូត។
ឯកឧត្តម បានបន្តថា សកលលោកកំពុងចូលក្នុងយុគ សម័យថ្មី ដែលគេសំគាល់ថាមានការផ្លាស់ប្តូរលឿន និងបង្កើតតុល្យភាពថ្មី។
ក្នុងបរិបទនេះ តួកគីយេ ផ្តល់សារៈ សំខាន់ពិសេស ដល់ទ្វីបអាស៊ី ដែលក្នុងនោះ មានកម្ពុជាផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានសភា បានលើកឡើងថា តួកគីយេនឹងបន្តកសាងស្ពានសហប្រតិបត្តិការថ្មីៗទៀតជាមួយកម្ពុជា។
តួកគីយេបានបើកមជ្ឈមណ្ឌលវប្បធម៌នៅទីក្រុងភ្នំពេញ ហើយ ដោយសហការជាមួយទីភ្នាក់ងារជំនួយអភិវឌ្ឍន៍តួកគីយេ (TIKA) បានចុះហត្ថលេខាខាងវិស័យអប់រំ សិក្សាធិការ។
ជាក់ស្តែង និស្សិតកម្ពុជា ២៥ នាក់កំពុងសិក្សានៅតួកគីយេ ហើយសង្ឃឹមថានឹងមានច្រើនទៀតនៅពេលអនាគត។
ឯកឧត្តម បានបន្ថែមថា កម្ពុជាមានសក្តានុពលធំធេងខាងវិស័យពាណិជ្ជកម្ម ក៏ប៉ុន្តែ ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ សម្រេចបាន ប្រមាណ៣៥០លានដុល្លារ នៅឆ្នាំ២០២៤ លើផែនការសម្រេចឱ្យបាន ១ពាន់លានដុល្លារ។
ឯកឧត្តម បានបន្តថា ទស្សនកិច្ចរបស់ សម្តេចតេជោ នាពេលនេះ សំខាន់ ណាស់សម្រាប់កសាងទំនាក់ទំនងអន្តរសភាទ្វេភាគី និងពហុភាគី ដែលក្នុងនោះ មានសន្និបាតអន្តរសភាអាស៊ាន (IPA) ផងដែរ។
នាឱកាសនោះ សម្តេចតេជោ បានលើកឡើងថា ទស្សនកិច្ចរបស់ សម្តេចនាពេលនេះចំពេលនៃខួប៦៥ ឆ្នាំ នៃទំនាក់ទំនងការទូតនៃប្រទេសយើងទាំងពីរ និងបន្ទាប់ពី តួកគីយេ និងកម្ពុជា បានដាក់ស្ថានទូតទៅវិញទៅមក។
ក្នុងឋានៈជាប្រធានព្រឹទ្ធសភាថ្មី សម្តេចនឹងបន្តធ្វើអ្វីៗទាំងអស់ ដើម្បីកម្ពុជាបន្តរក្សាបាន នូវសន្តិភាព និង ស្ថិរភាពយូរអង្វែង។
សម្តេចតេជោ បានអរគុណតួកគីយេផងដែរ ដែលបានបញ្ជូន អនុប្រធានគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍តួកគីយេ ទទួលបន្ទុកកិច្ចការបរទេស (AKP) ទៅចូលរួមមហាសន្និបាត ICAPP លើកទី១២ នៅទីក្រុងភ្នំពេញ កាលពីខែវិច្ឆិកា កន្លងទៅនេះ។
សម្តេចតេជោ បានគូសបញ្ជាក់ថា សម្តេច ជាអ្នកផ្តល់សន្ទុះដល់ទំនាក់ទំនងទ្វេភាគីជាមួយតួកគីយេ។
នៅក្នុងពេលបំពេញទស្សនកិច្ចការងារនៅតួកគីយេ ឆ្នាំ២០១៨ សម្តេចតេជោ និងប្រធានាធិបតី Erdoğan បានដាក់ផែនការសម្រេចឱ្យបាន១ពាន់លានដុល្លារ ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មទៅវិញទៅមក។
សន្ទុះកំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នៅមិនទាន់ខិតជិតដល់គោលដៅនៅឡើយ។
អាស្រ័យហេតុនេះ ទស្សនកិច្ចរបស់សម្តេច និង កិច្ចប្រឹងប្រែងរួម របស់គណបក្សដឹកនាំប្រទេសទាំងពីរ នឹងជំរុញ ផែនការនេះឱ្យបានសម្រេច ដោយផ្តល់អាទិភាពលើកាលានុវត្តន៍ភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
សម្តេចតេជោ គាំទ្រតួនាទីសំខាន់របស់តួកគីយេ ជាអ្នកសម្របសម្រួលនៅក្នុងកិច្ចការអន្តរជាតិ ហើយសម្តេច គូសបញ្ជាក់ថា “មិនអាចយកសង្គ្រាម បញ្ចប់សង្គ្រាមបានទេ មានតែកិច្ចសន្ទនា និងការចរចា ”។
ភាគីទាំងពីរបានឯកភាពគ្នា មិនគាំទ្រទណ្ឌកម្មជាឯកតោភាគី។
សម្តេចបានលើកទឹកចិត្តឱ្យតួកគីយេ សម្លឹងបែរទៅទិសខាងកើត ពោលគឺ ទ្វីបអាស៊ី ហើយកម្ពុជា នឹងសម្របសម្រួលជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីឱ្យតួកគីយេ ក្លាយជាដៃគូសន្ទនាពេញសិទ្ធិរបស់អាស៊ាន៕






