ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមជ្ឃមណ្ឌលសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ បានរៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង អំពី ផែនការអនុវត្តគម្រោងលើកកម្ពស់សមត្ថភាពមជ្ឍមណ្ឌលសម្រាប់ការបណ្តុះបណ្តាលសុខភាព និងសុវត្ថិភាពការងារនៅកម្ពុជា របស់គណៈប្រតិភូ នៃទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េ។
ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅ រវាង ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក LEE Jaewang ប្រធានមជ្ឃមណ្ឌលសហប្រតិបត្តិការអន្តរជាតិ នៃទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េ នៅទីស្តីការក្រសួង។
ឯកឧត្តម ឡេង តុង ទីប្រឹក្សាអមក្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារបានឱ្យដឹងនៅក្រោយពិធីចុះហត្ថ លេខានេះថា នេះជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀង អនុវត្តគម្រោងជំនួយរបស់រាជរដ្ឋាភិបាលកូរ៉េ មកលើក្រសួងការងារ ក្នុងការរៀបចំច្បាប់ ស្ដីពីសុវត្ថិភាព និងសុខភាពការងារ។
គម្រោងខាងលើនេះ មានរយៈពេល៣ឆ្នាំ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ ខាងមុខ នេះ។
ឯកឧត្តម ឡេង តុង បានឱ្យដឹងទៀតថា ស្របពេលដែលកម្ពុជា មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ឱកាសនៃគ្រោះថ្នាក់នៅកន្លែងធ្វើការក៏មានខ្ពស់ ដែលវិធានការទាំងនេះ ផ្ដោតលើគោលនយោបាយបទដ្ឋានគតិយុត្តិ ដែលត្រូវរៀបចំឲ្យមានច្បាប់ ស្ដីពីសុវត្ថិភាព និងសុខភាពការងារ ដើម្បីការពារកម្មករនិយោជិករបស់យើង។
កន្លងមកយើងមានច្បាប់ ស្ដីពីការងារ ហើយផ្នែកសុវត្ថិភាពការងារគឺជាផ្នែកមួយក្នុងច្បាប់ការងារនេះ ដែលបច្ចុប្បន្នកំពុងតែរៀបចំឲ្យមានច្បាប់គោលមួយដាច់ដោយ ឡែក អំពីសុខភាពនិងសុវត្ថិភាពការងារនេះ។
តាមរយៈជំនួយក្នុងការអនុវត្តគម្រោងនេះ មានថវិកាប្រមាណជាង៣លានដុល្លារអាមេរិក សម្រាប់បំពាក់ និងធ្វើការរៀបចំទៅជាវិទ្យាស្ថានដ៏ល្អមួយ ហើយភាគីកូរ៉េក៏បានឲ្យមន្ត្រី នៃនាយកដ្ឋានពេទ្យការងារផ្នែកអនុបណ្ឌិតទៅបន្តការសិក្សារយៈពេលពីរឆ្នាំនៅប្រទេសកូរ៉េ ដើម្បីពួកគេត្រឡប់មកជួយការងារក្នុងវិស័យការងារនិងបណ្ដុះបណ្ដាល។
ឯកឧត្តម ហ៊ុយ ហានសុង រដ្ឋលេខាធិការ ក្រសួងការងារ បានបង្ហាញនូវការពេញចិត្ត ចំពោះការផ្ដល់នូវជំនួយផ្នែកសុវត្ថិភាព និងសុខភាពការងាររបស់ប្រទេសកូរ៉េមកដល់កម្ពុជា។
ឯកឧត្តមចាត់ទុកថា នេះគឺជាការជ្រោម ជ្រែងដ៏សំខាន់មួយក្នុងការទប់ស្កាត់អត្រាគ្រោះថ្នាក់នៅកន្លែងធ្វើការ ក៏ដូចជាផ្ដល់នូវចំណេះជំនាញដល់កម្មករឲ្យមានការការពារទុកជាមុន ក្នុងពេលបំពេញការងារនៅតាមរោងចក្រសហ គ្រាសផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការក៏បានស្នើឱ្យមជ្ឈ មណ្ឌលសហប្រតិបត្តិការអន្តរជាតិ នៃទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េ បន្តជួយបណ្ដុះបណ្ដាលមន្ត្រីជំនាញបន្ថែមទៀត ដើម្បីឲ្យការងារសុវត្ថិភាពនិងសុខភាពការងារកាន់តែមានភាពល្អប្រសើរឡើងមួយកម្រិតទៀត។
សូមជម្រាបជូនថា ដោយសារមានវិធានការ ក៏ដូចជាយន្តការគ្រប់គ្រង និងការរៀបចំបទដ្ឋានគតិយុត្តិបានល្អ ធ្វើអោយអត្រាគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការមានការថយចុះគួរឲ្យកត់សម្គាល់៕
ដោយ៖ សំអាត និង ពិសិដ្






