កម្ពុជា និងប្រទេសគុយបា បានបញ្ជាក់ជំហរបន្តកិច្ចសហប្រតិ បត្តិការដ៏ល្អរវាងក្រសួងសុខាភិបាលប្រទេសទាំងពីរ លើការបញ្ជូនវេជ្ជបណ្ឌិតជំនាញព្យាបាលជំងឺមហារីក និងជំងឺទឹកនោម ផ្អែម តាមរយៈការបញ្ជូនអ្នកជំនាញមកជួយបណ្តុះបណ្តាល នៅតាមមន្ទីរពេទ្យក្នុងប្រទេសកម្ពុជា។
ក្នុងជំនួបជាមួយលោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា និងប្រតិភូ នៅថ្ងៃទី២៧ ខែសីហានេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគុយបា បានជួយបណ្តុះបណ្តាល និងបង្ហាត់បង្ហាញជំនាញវេជ្ជសាស្ត្រដល់គ្រូពេទ្យ និងនិស្សិតពេទ្យកម្ពុជា ព្រមទាំងបានផ្តល់អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិ បាល ជាបន្តបន្ទាប់រហូតបច្ចុប្បន្ន។
ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងសេចក្តីសោមន្សរីករាយក្នុងការចូលរួមមហាសន្និបាតសុខភាពប្រចាំឆ្នាំ ដែលគ្រោងប្រព្រឹត្ត ទៅក្នុងឆ្នាំ២០២៥ នៅសាធារណៈរដ្ឋគុយបា តបតាមការអញ្ជើញរបស់ក្រសួងសុខភាពសាធារណៈ នៃសាធារណៈរដ្ឋគុយបា។
លោកជំទាវឯកអគ្គរដ្ឋទូត បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់សាធារណរដ្ឋគុយបា ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ជាពិសេសកិច្ចសហប្រតិបត្តិការលើការបន្តផ្តល់អាហាររូបករណ៍ថ្នាក់វេជ្ជបណ្ឌិតទូទៅ និងឈានដល់ថ្នាក់វេជ្ជបណ្ឌិតជំនាញ ការធ្វើទស្សនកិច្ចសិក្សារបស់ប្រតិភូនៃក្រសួងសុខភាពសាធារណៈ ក្នុងគោលបំណងសិក្សាស្វែងយល់និងផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍លើប្រព័ន្ធគាំពារសុខភាពបឋម ក្នុងប្រទេសកម្ពុជា និងការទទួលវេជ្ជបណ្ឌិតកម្ពុជា១០រូប ទៅសិក្សាជំនាញព្យាបាលជំងឺមហារីកបន្ថែម នៅសាធារណៈរដ្ឋគុយបា ក្រោមកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋគុយបា។
ភាគីទាំងពីរ បានបញ្ជាក់ជំហរបន្តកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងសុខាភិបាលនេះប្រទេសទាំងពីរ លើការបញ្ជូនវេជ្ជបណ្ឌិតជំនាញព្យាបាលជំងឺមហារីក និងជំងឺទឹកនោមផ្អែម និងជំនាញផ្សេងៗទៀតមកជួយបណ្តុះបណ្តាលនៅតាមមន្ទីរពេទ្យក្នុងប្រទេសកម្ពុជា ជម្រុញធុរកិច្ចឱសថ វ៉ាក់សាំង និងបរិក្ខារពេទ្យ ស្របតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន និងជំរុញការនាំយកឱសថព្យាបាលដំបៅបង្កដោយជំងឺទឹកនោមផ្អែម និងវិសាលភាពកិច្ចសហប្រតិបត្តិការផ្សេងៗបន្ថែម ក្រោមការចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខភាពសាធារណៈនៃសាធារណៈរដ្ឋគុយបា ចាប់ពីឆ្នាំ២០២២។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្នើសាធារណរដ្ឋគុយបា បន្តពង្រឹកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយក្រសួង សុខាភិបាល និងបានបញ្ជាក់ជំហរបន្តគាំទ្ររួមចំណែកជាមួយ នឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណា ចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលនាឆ្នាំ២០៣៥៕






