
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិ កម្ម។
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម គួរចាប់ផ្តើមតាមរយៈការរៀបចំ និងចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធ ចំណេះដឹង និងចំណេះធ្វើ ជាពិសេសលើការធ្វើទំនើបកម្មកសិកម្ម ការធ្វើពិពិធកម្មកសិកម្ម និងការធ្វើពាណិជ្ជូបនីយកម្មកសិកម្ម រវាងប្រទេសទាំងពីរ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានឯកភាពទាំងស្រុងចំពោះការរៀបចំ និងចុះអនុស្សារណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរ ដោយផ្តោតសំខាន់លើការផ្លាស់ប្តូរ និងចែករំលែកបទពិសោធ និងការគាំទ្រទាំងលើអនុវិស័យកសិកម្ម អនុវិស័យផលិតកម្មសត្វ និងអនុវិស័យជលផល។
ឯកឧត្តមបន្តថា វិស័យកសិកម្មរបស់ប៉ាគីស្ថាន ក៏មានការកែប្រែយ៉ាងឆាប់រហ័សក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ ជាពិសេសក្នុងការធ្វើពិពិធកម្មកសិកម្មនេះតែម្តង។ហេតុនេះតាមរយៈអនុស្សារណៈនៃការយោគយល់គ្នាដែលនឹងបង្កើតឡើងនាពេលឆាប់ៗខាងមុននេះ ប៉ាគីស្ថាននឹងអាចចែករំលែកបទពិសោធ និងចំណេះដឹងជាច្រើនមកកម្ពុជា ហើយទន្ទឹមនឹងនេះក៏ត្រូវការរៀនសូត្របន្ថែមពីភាគីកម្ពុជាផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីជូនពរអាណត្តិការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតទទួលបានជោគជ័យ និងសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងអាចលេចចេញជាផ្លែផ្កាដូចការរំពឹងទុក ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មនៃប្រទេសទាំងពីរប្រកបដោយចីរភាព និងនិរន្តរភាព៕




