
អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងប្រែក្លាយទីតាំងមួយចំនួនក្នុងតំបន់ការពារធម្មជាតិខ្លះដែលមានសក្តានុពលទេសចរណ៍ ទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន និងពង្រឹងប្រសិទ្ធ ភាពអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ។
ក្នុងពិធីសំណេះសំណាលជាមួយប្រជាសហគមន៍តំបន់ ការពារធម្មជាតិ និងសហគមន៍ជនជាតិដើមភាគតិច នៅក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា ឯ.ឧ នេត្រ ភក្ត្រា រដ្ឋលេ ខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា បច្ចុប្បន្ននេះគោលនយោបាយនេះបានក្លាយជាការពិតហើយ និងកំពុងតែអនុវត្តនិងផ្តល់ផ្លែផ្កា ខណៈក្រសួងស្ថាប័នពាក់ព័ន្ធបាននិងកំពុងជំរុញនិងអភិវឌ្ឍវិស័យទេស ចរណ៍ធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា។

ទីតាំងមួយចំនួនក្នុងតំបន់ការពារធម្មជាតិដែលពោរពេញ ដោយសក្តានុពលទេសចរណ៍។
លោកបានថ្លែងថា គ្រាន់តែនៅក្នុងខេត្តមណ្ឌលគិរីតែមួយមានតំបន់ទេសចរណ៍ធម្មជាតិ ដែលកំពុងដំណើរការមានចំនួនជាង ៣០ កន្លែងដែលរួមមានភ្នំ ទឹកជ្រោះ ព្រៃឈើ និងសត្វព្រៃ និងវាលស្មៅជាដើម។
ខេត្តមណ្ឌលគិរីមានតំបន់ដែនជម្រកសត្វ ព្រៃចំនួន ៥ រួមមានដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃណាមលៀរ ដែនជម្រកសត្វព្រៃភ្នំព្រេច ដែនជម្រក សត្វព្រៃលំផាត់ និងរបៀងអភិរក្សជីវៈម្រុះឦសានដែលមានផ្ទៃដីសរុបទំហំជាង ១,១លានហិកតា មានទីតាំងជាច្រើនដែលមាន សក្តានុពលដែលអាចក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិបន្ថែមទៀតសម្រាប់ទាក់ទាញភ្ញៀវទេសចរ។

សូមបញ្ជាក់ថាក្រៅពីទេសភាពដ៏ល្អស្អាតនៅក្នុងតំបន់ ការ ពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី មានរមណីយដ្ឋានទេសចរ ណ៍ធម្មជាតិថ្មីជាច្រើនទៀត ដែលបាននិងកំពុងទាក់ទាញភ្ញៀវទេសចរ ដូចជាសហគមន៍ទេសចរណ៍ធម្មជាតិរលាក់កងជើង (ភ្នំខ្នងផ្សារ) ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សហគមន៍ផាត់សណ្ដាយខេត្ដកំពង់ធំ សហគមន៍ទឹកជប់ខ្នារពោធិ៍ ខេត្តសៀមរាប និងតំបន់បឹងស្នេហ៍ ខេត្តព្រៃវែង តំបន់វាលធំនៃឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី។
រដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានស្នើសុំឱ្យបងប្អូនប្រជាពលតដ្ឋដែលអញ្ជើញទៅទស្សនាតំបន់ទេសចរណ៍ធម្មជាតិទាំងនោះ សូមចូលរួមរក្សា អនាម័យបរិស្ថាន វេចខ្ចប់ទុក ដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងការបោះសំណល់ពាសវាលពាសកាលដែលធ្វើឱ្យខូចសោភ័ណភាព និងទេសភាពដ៏ល្អស្អាតនៃតំបន់ទេសចរណ៍ធម្មជាតិទាំងនោះ។

សូមជម្រាបថា នៅក្នុងដែនជម្រកសត្វព្រៃ កែវសីមាមានទឹកធ្លាក់ធម្មជាតិប្រកបដោយ ទេសភាពដ៏ល្អស្អាតគួរជាទីទាក់ទាញចំនួន ១០ កន្លែងដូចជាទឹកធ្លាក់លែងអង លែងឃិនជាដើម ហើយបច្ចុប្បន្ននេះ ក្រសួង បរិស្ថាននិងអង្គការសមាគមអភិរក្សសត្វព្រៃ WCS ដែលជាដៃគូក្នុងការងារការពារនិងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា បាននិងកំពុងផ្តល់ការគាំទ្រទាំងស្មារតី និង បច្ចេកទេសដល់ប្រជាសហ គមន៍ដើម្បីបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិ។
គ្រាន់តែសហគមន៍ទេសចរណ៍ធម្មជាតិអណ្តូងក្រឡឹង ស្ថិតក្នុងឃុំសែនមនោរម្យ ស្រុកអូររាំងក្នុងគម្រោងអភិរក្សសត្វស្វាកន្ទុយស និងសត្វទោចថ្ពាល់លឿង បាននឹងកំពុងទាក់ទាញភ្ញៀវទេសចរជាពិសេសភ្ញៀវទេសចរបរទេសមក ទស្សនាសត្វកម្រនៅលើពិភពលោកនេះ។

ក្នុងមួយឆ្នាំ ២០១៩ កន្លងទៅ សហគមន៍ទេសចរណ៍ ធម្មជាតិអណ្តូងក្រឡឹងបានទទួល ភ្ញៀវទេសចរប្រមាណជាង៤៥០នាក់ បានចំណូលជាង ១៧០០០ ដុល្លារអាមេរិក។ ចំណូល នេះបានធ្លាក់ទៅដល់ដៃប្រជាសហគមន៍៕




