កម្ពុជា-ប៉ាគីស្ថាន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ ទំនងរវាងប្រទេសទាំងពីរ។ ការបញ្ជាក់នេះធ្វើឡើង ក្នុងឱកាសនាជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម ចាំ កាម៉ាល់ ខាន់ រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ។
ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការពេញចិត្តចំពោះភាពល្អប្រសើរនៃទំនាក់ទំនង ប៉ាគីស្ថាន និងកម្ពុជា ហើយឯកឧត្តមបានលើក ឡើងថា វឌ្ឍនភាពនេះរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិ បត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូនៅកម្ពុជានាពេល នេះ បានផ្ដល់នូវបទពិសោធន៍ល្អៗជាច្រើន ហើយឯកឧត្តមបានសង្កេតឃើញពីភាពប្រហាក់ប្រហែលគ្នានៃវិស័យជាច្រើនរបស់ប៉ាគីស្ថាន និងកម្ពុជា។
ឯកឧត្តមបានបន្ថែមទៀតថា គោល បំណង នៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម គឺដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា -ប៉ាគីស្ថាន លើកទី១ នៅកម្ពុជា ដែលកិច្ចប្រជុំនេះនឹងមានជំនួបរវាងសហគមន៍ធុរកិច្ចប៉ាគីស្ថាន និងកម្ពុជា ដែលនឹងចូលរួមចំណែកបង្កើតជាកាលានុវត្តភាពវិនិយោគបន្ថែមទៀតសម្រាប់ធុរជនប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងកិច្ចសហប្រ តិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែម ទៀត។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ និងពេញ ចិត្តចំពោះទំនាក់ទំនងប្រទេសទាំងពីរ ហើយតាមរយៈកុច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា -ប៉ាគីស្ថាន លើកទី១ បានឆ្លុះបញ្ចាំងពីការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ប៉ាគី ស្ថាន។
ទន្ទឹមនឹងនោះ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា កិច្ចប្រជុំនេះមិនត្រឹមតែជួយពង្រីកកាលានុវត្តភាពវិនិយោគប៉ុណ្ណោះទេ ថែមទាំងជួយពង្រីកកិច្ចសហប្រតិបត្តិលើវិស័យសក្ដានុពលផ្សេងៗទៀត រវាងកម្ពុជានិងប៉ាគីស្ថាន។
សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការគាំទ្រនិងវិធានការនានាដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលដើម្បីធានាដល់ភាពជោគជ័យរបស់វិស័យឯកជននៅកម្ពុជា ដោយសម្ដេចបវរធិបតីបានលើកឡើងថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា ដែលលេីកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពល រដ្ឋ។
សម្ដេចបវរធិបតី និងឯកឧត្តមរដ្ឋមន្ត្រីក៏បានពិភាក្សាពីការជំរុញ ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ជាច្រើនរួមមាន ជាអាទិ៍៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សុខាភិបាល អប់រំ កសិកម្ម បច្ចេកវិទ្យា កម្មន្តសាល ទេសចរណ៍ និងការតភភ្ជាប់រវាងប្រជាជននិងប្រជាជន៕






