
អណ្តើកហ្លួងឬអណ្តើកសរសៃ គឺជាប្រភេទឧរង្គសត្វ ដែលត្រូវបានចាត់ទុកជានិមិត្តរូបតំណាងឱ្យសត្វប្រចាំប្រទេសកម្ពុជា តាមរយៈនៃការទទួលស្គាល់ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/ ១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។
ការដាក់បញ្ចូលអណ្តើកហ្លួងជាសត្វនិមិត្តរូបតំណាងឱ្យជាតិកម្ពុជាដោយសារតែអណ្តើកហ្លួង ជាប្រភេទសត្វដ៏កម្រ និងជាសត្វប្រឈមនឹងផុតពូជ និងដើម្បីបង្ហាញពីមរតកធម្មជាតិដ៏មាន តម្លៃ និងលើកតម្កើងនូវមោទកភាពជាតិផងដែរ។
នៅក្នុងពិធីតាំងពិព័រណ៌ការងារនិងផលិតភាពឆ្នាំ ២០២២ កាលពីថ្ងៃទី២៧ និង២៨ ខែតុលា បញ្ជរក្រសួងបរិស្ថានបានសហការជាមួយ រដ្ឋបាលជលផលនិងអង្គការ WCS ដើម្បីយកសត្វអណ្តើកហ្លួងមកបង្ហាញដល់សាធារណជនឱ្យបានយល់ដឹងពីសត្វដ៏កម្រនេះ ដើម្បីចូលរួមការពារនិងអភិរក្ស។
តាមរបាយការណ៍ឆ្នាំ ២០១៩ អណ្តើកហ្លួង គឺមានវត្តមានតែក្នុងប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងវៀតណាម ហើយចំនួនរបស់ពួកវានៅលើសកលលោក មានប្រមាណតែ ៥០០ ទៅ ៧០០ក្បាល ប៉ុណ្ណោះ ដោយឡែកនៅប្រទេសកម្ពុជាយើងវិញ គឺមានចំនួនប្រហែល៤៥០ក្បាល។
អណ្តើកហ្លួងធ្លាប់ត្រូវបានគេគិតថា ផុតពូជពីកម្ពុជាទៅហើយ រហូតដល់ឆ្នាំ២០០០ ទើបរដ្ឋបាលជលផល និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានសិក្សាស្រាវជ្រាវរួមគ្នា ហើយបានរកឃើញសំបុកសត្វអណ្តើកប្រភេទនេះ នៅមានវត្តមាននៅឡើយតាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងខេត្តកោះកុង ប៉ុន្តែមានចំនួនតិចតួចបំផុត។
នៅឆ្នាំដដែល អង្គការសមាគមអភិរក្សសត្វព្រៃ ក៏បានបង្កើតគម្រោងអភិរក្សសត្វអណ្តើកនេះឡើង។
ក្រោមកិច្ចសហការនេះ ជាក់ស្តែងយើងបានសង្រ្គោះ និងថែរក្សាអណ្តើកហ្លួងសរុបចំនួន ៤៣៦ ក្បាល ក្នុងនោះ២៤៩ក្បាល ត្រូវបានថែរក្សានៅក្នុងមជ្ឈមណ្ឌលអភិរក្សល្មូនខេត្តកោះកុង និងមជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវចម្រុះ និង១៨៧ក្បាលផ្សេងទៀត ត្រូវបានលែងចូលទៅក្នុងធម្មជាតិ ដោយភ្ជាប់ជាមួយប្រព័ន្ធតាមដាន ដើម្បីសិក្សាពីការបម្លាស់ទីរបស់វា វិធានការណ៍ការពារ និងបង្កើនផលស្តុកក្នុងដែនទឹកធម្មជាតិ៕



