នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន ឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។
ភាគីទាំងពីរបានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ ទំនងរីកចម្រើននៃប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណរដ្ឋាភិបាលអូស្ត្រាលី ចំពោះការគាំទ្រ និងផ្តល់ជំនួយដ៏ថ្លៃថ្លាក្នុងវិស័យនានា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងពង្រឹងទំនាក់ទំនងជាមិត្តភាពរវាងកម្ពុជា និងអូស្រ្តាលី។
នៅក្នុងអំឡុងពេលនៃជំនួបនេះ ភាគីទាំងពីរបានរំលឹកពីជំនួបប្រកបដោយផ្លែផ្ការវាងសម្តេចធីបតី ហ៊ុន ម៉ាណែត និងលោក ជំទាវ Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ក្នុងឱកាស នៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហ ប្រជាជាតិ នៅទីក្រុងញូវយ៉ក។
ភាគីទាំងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់ ក្នុងការជំរុញឱ្យកាន់តែស៊ីជម្រៅលើវិស័យ ដែលមានសក្ដានុពលនៃកិច្ចសហប្រតិបត្តិការ រួមមានពាណិជ្ជកម្មនិងវិនិយោគ កសិកម្ម សន្តិសុខនិងការពារជាតិ និងការអភិវឌ្ឍធនធានមនុស្ស។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏យូរអង្វែង និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរ ក៏ត្រៀមរៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើកទី៤ នៅកម្ពុជា នៅឆ្នាំ២០២៤ ដើម្បីជំរុញ និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។

+3





