ខេត្តកំពង់ឆ្នាំង ៖ កម្មករ-កម្មការនីរោងចក្រ ជីនយី ប្រមាណជា៤៥០០នាក់ បានផ្ទុះការតវ៉ា ទាមទារបើកប្រាក់ខែអោយបានទៀងទាត់ នៅថ្ងៃទី១០ ជារៀងរាល់ខែ។ ហេតុការណ៍តវ៉ានេះបានកើតឡើង នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៩ មករា ២០១៩ នៅចំណុចរោងចក្រជិនយី ដែលស្ថិតនៅក្នុងភូមិស្ពានពោធិ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពងឆ្នាំង។ យ៉ាងនេះក្តី ការតវ៉ាមិនទាន់រយៈពេលជាង២ម៉ោងផង កម្មករក៏បានរំសាយទៅលំនៅដ្ឋានវិញ បន្ទាប់ពីតំណាងរបស់ខ្លួនបានចូលជួបដោះស្រាយជាមួយភាគីម្ចាស់រោងចក្រ និងមិនទទួលបានលទ្ឋផល។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាល នៅកន្លែងកើតហេតុ បានអោយដឹងថា នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ កម្មករ-កម្មការនី ទាំងអស់ បានមករោងចក្រជាធម្មតា ប៉ុន្តែពួកគេមិនបានចូលធ្វើការទេ គឺធ្វើកូដកម្មដើម្បីទាមទារការបើកប្រាក់ខែអោយបានទៀងទាត់ គឺត្រឹមថ្ងៃទី១០ នៃខែនីមួយៗ។ ការតវ៉ាវនេះព្រោះតែខាងរោងចក្រ បានជូនដំណឹងដល់កម្មករ ថាប្រាក់ខែនឹងបើកដល់ថ្ងៃទី១២ ខែមករា។ នៅក្នុងកូដកម្មខាងលើ ភាគីខាងរោងចក្រនៅតែបន្តស្នើដល់កម្មករ សុំបើកប្រាក់ខែដល់ថ្ងៃទី១២ តែភាគីជាកម្មករនៅតែមិនព្រម គឺត្រូវតែបើកនៅថ្ងៃទី១០ ជាដាច់ខាត។
ក្រោយមកភាគីខាងរោងចក្រ បានស្នើសុំអោយតំណាងកម្មករចូលជួបដើម្បីពិភាក្សា រកដំណោះស្រាយ ប៉ុន្តែការចចាររយៈពេលជាង ១ម៉ោងកន្លះ តំណាងកម្មករ បានចេញមកវិញប្រាប់ថាៈ មិនទាន់ទទួលបានលទ្ឋផលឡើយ ដោយខាងរោងចក្រនៅតែសុំព្យាពេលបើកប្រាក់ខែ នៅថ្ងៃទី១២ ខែមករា ដដែល។
ក្រោយពីកូដកម្មមិនទទួលលទ្ឋផល កម្មករទាំងនោះបានវិលត្រឡប់ទៅលំនៅដ្ឋាន និងកន្លែងស្នាក់នៅរៀងៗខ្លួនវិញ ដោយមិនចូលធ្វើការ និងមិនបង្ករហឹង្សា បណ្តាលអោយមានការខូចខាត ឬអសន្តិសុខអ្វីឡើយ៕ ពៅ សុខហ៊ាន






