
ខេត្ដបន្ទាយមានជ័យ ៖ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ០៧និង៣០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះប្រតិបត្តិការបង្រ្កាប ករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ នៅចំណុចផ្លូវជាតិលេខ៥៩ ស្ថិតនៅភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ។
លោកវរសេនីយ៍ត្រី តាំង សុខហេង បានអោយដឹងថា ក្រោយទទួលបានព័ត៌មាន ពីបណ្តាញផ្តល់ព័ត៌មាន និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ មានឈ្មោះ ជឹម ជឿន ភេទ ប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ រួមជាមួយវត្ថុតាងមួយចំនួនរួមមាន ៖ គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ចំនួន ១០០៧គ្រាប់, ទូរស័ព្ទដៃ ចំនួន០១គ្រឿង, ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤។
ក្រោយពីធ្វើការឃាត់ខ្លួន និងសួរចម្លើយរួចមក លោកវរសេនីយ៍ត្រី បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនបានជួញដូរគ្រឿងញៀន បានចំនួន ០៦លើករួចមកហើយ ដោយទិញពីមនុសុ្សម្នាក់មិនស្គាល់ឈ្មោះ នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីយកមកចែកចាយបន្ត នៅក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ។ ដោយយោងលើចម្លើយសារភាព ជនសង្ស័យខាងលើអាចត្រូវចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការចាត់ការទៅតាមនីតិវិធី៕