បន្ទាយមានជ័យ ៖ កម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលអធិការដ្ឋាន នគរបាល ស្រុកថ្មពួក នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៩.៥៥នាទី ចុះបង្ក្រាបមុខសញ្ញា ជួញដូរនិងប្រើប្រាស់ គ្រឿងញៀន ចាប់ឃាត់ជនសង្ស័យមុខសញ្ញាជួញដូរ ចែកចាយ គ្រឿងញៀនជាបន្តបន្ទាប់ នៅចំណុច ភូមិគោកព្រេច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោសៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សំដៅក្នុងការអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព។ ជាលទ្ធផលកម្លាំងនគរបាលការិយាល័យជំនាញ ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាល អធិការដ្ឋាននគរបាលស្រុកថ្មពួក ដំបូងយើងបានឃាត់ខ្លួនជនសង្ស័យជួញដូរ និងអ្នកប្រើប្រាស់ចំនួន ២នាក់ប្តី ប្រពន្ធមាន ឈ្មោះ១/-ម៉ូវ ស៊ឹង ហៅ(ហម ស៊ឹង)ភេទប្រុស អាយុ 48ឆ្នាំ រស់នៅភូមិគោកព្រេច ឃុំគោករមៀត ស្រុកថ្មពួក (ប្តី ) ។ ២- ឈ្មោះ គយ ច្រឹប ភេទស្រីអាយុ ៥៨ឆ្នាំរស់នៅភូមិគោកព្រេច ឃុំគោករមៀត ស្រុក ថ្មពួក (ប្រពន្ធ)។
ជាមួយនឹងការបង្រ្កាបនេះ សមត្ថកិច្ចដកហូតរកឃើញវត្ថុតាងថ្នាំញៀនម្សៅក្រមពណ៍សចំនួន ២២ថង់តូច និងថ្នាំញៀនប្រភេទគ្រាប់ពណ៌ក្រហមចំនួន១៣៥គ្រាប់ ទូរស័ព្ទចំនួន ០៣គ្រឿង ដែកកេះ ០១, អាវុធកែឆ្នៃ ០១ដើម កូនកាំបិតស្នៀត ០២ ។









