បាត់ដំបងៈកងកម្លាំងស៊ីម៉ាក់បាត់ដំបង បានរកឃើញគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ៣៩គ្រាប់ជាបន្តបន្ទាប់នៅក្នុងការដ្ឋានសាងសង់កែរលម្អរច្រាំងស្ទឹងសង្កែស្ថិតក្នុងក្រុងបាត់ដំបងខេត្តបាត់ដំបង ហើយក៏បាននាំយកចេញខ្លះនិងមួយចំនួនទៀតត្រូវបំផ្ទុះកំទេចចោលនៅនឹងកន្លែង។
លោក ព្រីង បញ្ញាឫទ្ធិ ប្រធានអង្គភាពកម្ចាត់មីនស៊ីម៉ាក់ប្រចាំភូមិភាគទី២ បានមានប្រសាសន៍ថាបន្ទាប់ពីមានសំណើពីរដ្ឋបាលខេត្តបាត់ដំបង កងកម្លាំងស៊ីម៉ាក់ បានចុះធ្វើប្រតិបត្តិការរុករកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចាប់ពីថ្ងៃទី២៧ខែមករា រហូតដល់ថ្ងៃទី០៤ខែមិនា រកឃើញគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ៣៩គ្រាប់(ចំនួន១៥គ្រាប់ ត្រូវបានចល័តចេញនិង២៤គ្រាប់ទៀត ត្រូវបំផ្ទុះកំទេចចោលនៅនឹងកន្លែង ព្រោះពេលលើកចេញទៅ ខ្លាចផ្ទុះបង្កគ្រោះថ្នាក់)។
លោក ព្រីង បញ្ញាឫទ្ធិ បានបន្តថាចំណុចដែលរកឃើញភាគច្រើន ចាប់ពីគល់ស្ពានសម្តេចក្រឡាហោម ស ខេង រហូតដល់ស្ពានសម្តេចតេជោហ៊ុនសែន ដោយគ្រាប់យុទ្ធភ័ណ្ឌដែលរកឃើញទាំងនោះ ភាគច្រើនជាក្បាលគ្រាប់បំផ្ទុះ ដែលខ្ទាតចេញពីឃ្លាំងគ្រាប់អតីតក្នុងវត្តសង្កែ មានក្បាលគ្រាប់ដេកា (DK) ក្បាលគ្រាប់ អិមខេ (MK) ជាដើម ដែលឃ្លាំងគ្រាប់នេះផ្ទុះកាលពីសម័យខ្មែរក្រហមកន្លងមក។





