(ខេត្តពោធិ៍សាត់,ថ្ងៃទី២៥,ខែមករា ឆ្នាំ២០២១)៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្ថិ៍នគរបាល រដ្ឋបាល ក្នុងក្រុងពោធិ៍សាត់ បានចុះធ្វើរដ្ឋបាលត្រួតពិនិត្យ និងឆែកឆេរតាមបន្ទប់ផ្ទះ សំណាក់ ៤កន្លែង ឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន បានចំនួន១១នាក់ និងដកហូតវត្ថុតាងមួយចំនួនធំ ដើម្បីបន្តនីតិវិធី។
ប្រតិបត្តិការនេះធ្វើឡើង នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅក្នុងផ្ទះសំណាក់យីហោ (យិនស៊ិនថ្មី) ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ និងផ្ទះសំណាក់យីហោ (ហេងហេង) ស្ថិតក្នុងភូមិពោធិ៍អណ្ដោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់, និងនៅផ្ទះសំណាក់យីហោ (មានជ័យ) ស្ថិតក្នុងភូមិពោធិ៍តាគួយសង្កាត់លលក ក្រុងពោធិ៍សាត់ និងផ្ទះសំណាក់យីហោ (ម្លិះ) ស្ថិតក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដឹកនាំដោយលោក វរសេនីយ៍ទោ ប៊ី សុខុម អធិការរងនគរបាលក្រុងពោធិ៍សាត់។
ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលក្រុងពោធិ៍សាត់ បង្ក្រាបបាន៖
ទីតាំងទី១-នៅបន្ទប់លេខ១២ នៃផ្ទះសំណាក់យីហោ (យិនស៊ិនថ្មី) ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ បានចំនួន៥នាក់ ក្នុងនោះស្រី២នាក់ រួមទាំងវត្ថុតាងម្សៅក្រាមពណ៌សថ្លា និងសម្ភារៈមួយចំនួនទៀត។
ទីតាំងទី២-នៅបន្ទប់មួយនៃផ្ទះសំណាក់យីហោ (ហេងហេង) ស្ថិតក្នុងភូមិពោធិ៍អណ្ដោត សង្កាត់រលាប ក្រុងពោធិ៍សាត់ (ពុំបានលទ្ធផលទេ)។
ទីតាំងទី៣-នៅបន្ទប់លេខ០៥ នៃផ្ទះសំណាក់យីហោ (មានជ័យ) ស្ថិតក្នុងភូមិពោធិ៍តាគួយសង្កាត់លលក ក្រុងពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ ក្នុងនោះស្រី១នាក់ រួមទាំងវត្ថុតាងម្សៅក្រាមពណ៌សថ្លា និងសម្ភារៈមួយចំនួនទៀត។
ទីតាំងទី៤-នៅបន្ទប់លេខ២ និងលេខ៨ នៃផ្ទះសំណាក់យីហោ (ម្លិះ) ស្ថិតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ បានចំនួន៤នាក់ ក្នុងនោះស្រី១នាក់ រួមទាំងវត្ថុតាងម្សៅក្រាមព័ណ៌សថ្លា និងសម្ភារៈមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យជាប់ពាក់ព័ន្ធទាំងអស់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់៕
ដោយ៖រំដួល(កែសម្រួលដោយ មណ្ឌល កែវ)






