ខេត្ដកំពង់ស្ពឺ ៖ មុខសញ្ញាជួញដូរ ចែកចាយគ្រឿងញៀនយ៉ាងសកម្មម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន ធ្វើការបង្ក្រាបបាន ជាមួយគ្រឿងញៀនចំនួន២២កញ្ចប់ ខណៈដែលមុខសញ្ញាខាងលើ កំពុងតែចរាចរណ៍គ្រឿងញៀន កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិថ្មី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់មន្ត្រីអាវុធហត្ថ បាននិយាយអោយដឹងថា នៅមុនពេលបង្ក្រាបបានមុខសញ្ញាជូញដូរខាងលើនេះ គឺកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការមូលដ្ឋាន បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀនដោយខុសច្បាប់ ក្នុងនោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ជា សុភាព ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ សង្កាត់ ខាងលើ។
ក្នុងប្រតិបត្តិការនោះដែល កម្លាំងក៏បានដកហូត វត្ថុតាងសម្ភារៈ រួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន២២កញ្ចប់ ស្មើនឹង ៥.៥៤ក្រាម ម៉ូតូចំនួន០២គ្រឿង ទូរស័ព្ទដៃចំនួន០៣គ្រឿង កាត ATM ចំនួន០១ អត្តសញ្ញាណប័ណ្ណចំនួន០២សន្លឹក ដបសំរាប់ជក់ថ្នាំ០២ ដែកកេះ០២ ផងដែរ។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង និងសម្ភារះ បានបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តន៏តាមនីតិវិធីច្បាប់៕ អ៊ុ ណូន








