ខេត្តកំពង់ស្ពឺ,ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ៖រថយន្តតូរីសដឹកឈើពេញប្រៀប១គ្រឿងត្រូវបានកម្លាំងអាវុធហត្ថស្រុកឱរ៉ាល់ធ្វើការសហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស
បង្ក្រាបបានប្រគល់អោយជំនាញដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់កសាងសំណុំរឿងចាត់ការបន្ត
ខណៈដែលម្ចាស់រថយន្ត បានចុះរត់គេចខ្លួនបាត់ស្រមោល។
ការបង្ក្រាបរថយន្តតូរីសដឹកឈើបាននេះ នៅលើកំណាត់ផ្លូវលេខ៤៤ ស្ថិតនៅក្នុងភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ការបង្ក្រាបនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដឹកនាំដោយលោកវរសេនីយ៍ទោ សោម ពុទ្ធតារា ជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាប់រថយន្តតូរីស ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2J.3625 ដែលបានដឹកឈើជ្រុងម៉ៃតាប់ប្រភេទ សុក្រំគ្មានច្បាប់អនុញ្ញាតិ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តតូរីសដឹកឈើនេះជារបស់ឈ្មួញល្បីឈ្មោះម្នាក់នៅក្នុងស្រុកឱរ៉ាល់ ដែលគ្មានសមត្ថកិច្ចនិងជំនាញណាហ៊ានធ្វើការបង្ក្រាបឡើយ។
ការដឹកជញ្ជូនឈើនេះចេញពីតំបន់ជាំ(ដែលជាតំបន់ប្រជុំបទល្មើសព្រៃឈើ)ក្រោមការគ្រប់គ្រងរបស់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។
បច្ចុប្បន្ន ឈើនិងរថយន្ត ត្រូវបានកម្លាំងអាវុធហត្ថអូសយកមករក្សាទុកជាបណ្តោះអាសន្ន នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ឯឈើនៅមិនទាន់បានវាស់វែងនៅឡើយដោយរង់ចាំប្រគល់ឲ្យមន្ត្រីបរិស្ថានដែនជម្រកសត្វភ្នំឱរ៉ាល់ ដែលមានស្នាក់ការស្ថិតក្នុងភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បន្តនិតិវិធីតាមផ្លូវច្បាប់៕






