
(ភ្នំពេញ)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា ករណីអ្នកជំងឺសង្ស័យបញ្ជូនពីស្រុកបាភ្នំមកសំរាកនៅមន្ទីរពេទ្យខេត្តព្រៃវែង ដែលបានដាក់ឲ្យសម្រាកដាច់ដោយឡែក និងបានយកសំណាកទាំងពីរនាក់ម្តាយ និងកូន ទៅ
ពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ មិនមានឆ្លងមេរោគកូរ៉ូណាទេ។
លោកជំទាវបានប្រាប់ អ្នកសារព័ត៌មាននាពេលរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នេះថា លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័របានបញ្ជាក់ហើយថា អ្នកជម្ងឺទាំងពីរនាក់ម្តាយនិងកូន មិនមានវត្តមាន COVID -19 ទេ ។
សូមរំឭកថា ប្រជាពលរដ្ឋ២នាក់ម្តាយ និងកូន រស់នៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវបានគេរាយការណ៍មកថា ធ្លាប់មានទំនាក់ទំនងការងារជាមួយជនជាតិចិន បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ដោយសង្ស័យថា ខ្លួនមានមេរោគកូវីដ១៩ ដោយសារតែមានអាការៈក្តៅខ្លួន និងផ្តាសាយ៕