ក្រុមការងារចម្រុះរដ្ឋបាលខេត្ត បានចុះអនុវត្តរើការ៉ូឡា និងដកដើមឈើ នៅសងខាងផ្លូវជាតិលេខ៦ ចាប់ពីរង្វង់មូលព្រះបាទជ័យវរ័ន្មទី៧ ដល់ភ្លើងស្ដុបសុខាអង្គរក្រុងសៀមរាប ដើម្បីធ្វើការបើកពង្រីក និងសម្រួលដល់ការធ្វើចរាចរណ៍ ឲ្យមានសណ្តាប់ធ្នាប់ល្អ និង ធានាសុវត្ថិភាពចរាចរណ៍ ផ្លូវនេះនៅចុងឆ្នាំ២០២០នេះ ដែលជាជំនួយរបស់គម្រោងរបស់ធានាគារអភិវឌ្ឍន៍អាស៊ី(ADB )។
ការរៀបចំសាងសង់ផ្លូវនេះដែរ ក្នុងគោលបំណងដើម្បីសម្រួលចរាចរណ៍ដល់បង ប្អូនប្រជាពលរដ្ឋដែលតែងតែធ្វើដំណើរទៅមក ក៏ដូចជារៀបចំសោភ័ណ្ឌភាពក្នុងក្រុងសៀមរាបអោយបានស្អាតជាងមុន។

មកដល់ថ្ងៃនេះអាជ្ញាធរខេត្ត ក៏បានបំពេញភារកិច្ចរបស់ខ្លួន ដោយធ្វើការរុះរើបង្គោលបំភ្លឺ គាស់កម្រាលការ៉ូឡា តាមចិញ្ចើមផ្លូវ និង ធ្វើការគាស់ដើមឈើផ្កាលម្អតាមដងផ្លូវ ដើមី្បយកទៅរក្សាទុក សម្រាប់ធ្វើការដាំឡើងវិញផងដែរ។
សូមបញ្ជាក់ផងដែរថា ផ្លូវនេះ នឹងចាប់ផ្តើមអនុវត្តសាងសង់ចាប់ពីខែតុលា ឆ្នាំ២០២០ខាងមុខនេះ ដោយមានប្រវែងបណ្តោយសរុប ៥៨០០ម៉ែត្រ ទទឹងសរុប ២៩ម៉ែត្រ ហើយបែងចែកគន្លងផ្លូវទៅមក ៦គន្លង ផ្លូវទៅមកសម្រាប់រថយន្ត និងផ្លូវទៅមកសម្រាប់ម៉ូតូ កង់ ផ្លូវថ្មើជើងទទឹងសរុប ៣ម៉ែត្រ ព្រមទាំងរៀបចំសួនច្បារពុះចែកទ្រូងផ្លូវទទឹង ២ម៉ែត្រផងដែរ។
សូមបញ្ជាក់ថាតាមស្មារតីសន្និបាតបូកសរុបលទ្ធផលការងារ និងគោលការដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់លើការងារការកែលម្អសោភ័ណភាព និងហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ លូ ប្រឡាយក្នុងខេត្ត៕






