
ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សាងសង់សម្រេចបានប្រមាណ៥២% ហើយ។
ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ត្រង់ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល ។
លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នក នាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី៣១ មករា ២០២៥ នេះថា៖ គិតមកដល់ពេលនេះការដ្ឋានសាងសង់ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតទាំងមូលសម្រេចបានប្រមាណ ៥២%ហើយ។ចំពោះស្ពានដែលមានទិសដៅពីមហាវិថីសម្តេចតេជោហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ) ទៅមហាវិថីព្រលានសម្តេចតេជោ បានសាងសង់គ្រឹះនិងសសរ ស្ពានរួចរាល់ហើយ។បច្ចុប្បន្នកំពុងតែដំឡើងធ្នឹមបេតុងបានប្រមាណជាង៦០% (៤ប្រលោះ/៧ប្រលោះ) ហើយ គ្រោងនឹងបញ្ចប់អ៊ុតកៅស៊ូផ្លូវស្ពាននៅចុងខែមិនាខាងមុខនេះ។
ចំពោះស្ពានដែលមានទិសដៅ ពីមហាវិថីព្រលានសម្តេចតេជោ ទៅមហាវិថីសម្តេចតេជោហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ)បានសាងសង់គ្រឹះនិងសសររួចហើយ។
ឯការដំឡើងធ្នឹមនឹងរៀបចំចាប់ពីខែមេសាខាងមុខនេះ។
លោកស្រីដោ សម្ផស្ស បានបញ្ជាក់ផងដែរថា៖ ចំពោះការសាង សង់ដំឡើងធ្នឹមស្ពាននេះនឹងមានបិទចរាចរណ៍ រវាងមហាវិថីសម្តេចតេជោហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ) មហាវិថីព្រលានសម្តេចតេជោនិងផ្លូវជាតិលេខ២ (ក្នុងបរិវេណការដ្ឋាន)ម្តងម្កាល ដោយសារការដ្ឋានត្រូវការប្រើប្រាស់គ្រឿងចក្រធំៗ និងដើម្បីពន្លឿនការងារអោយបានទាន់ផែនការ។
ដូចនេះសូមប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវទាំនេះមេត្តាយោកយល់និងអធ្យាស្រ័យ។
ស្ពានអាកាសភ្លោះនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ចំនួន ១៦,២០០,៥០០ ដុល្លាអាមេរិក សាង សង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១២ ខែ។
សូមបញ្ជាក់ផងដែរថា គម្រោងស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គ្រោងបញ្ចប់ការដ្ឋានទាំងមូលនៅខែមិថុនា ឆ្នាំ២០២៥ ទៅតាមផែនការដែលបានគ្រោងទុកដោយប្រើប្រាស់ថវិកាក្នុងសាងសង់ចំនួន១៦,២០០,៥០០ ដុល្លាអាមេរិកនិងប្រើប្រាស់រយៈពេលសាងសង់ចំនួន១២ខែ៕


