
ក្រុងគែរ៖ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៧៧នាក់នៅតំបន់ហ្គាហ្សា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ អាជ្ញាធរសុខាភិបាល បាននិយាយកាលពីថ្ងៃអាទិត្យ ៣១ មីនា ខណៈអេហ្ស៊ីបធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចពិភាក្សាជុំថ្មី ក្នុងគោលបំណងធានាបទឈប់បាញ់ជាមួយមេដឹកនាំក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា។ មន្ត្រីសុខាភិបា លប៉ាឡេស្ទីន និងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាស់បាននិយាយថា ការវាយប្រហារបានវាយប្រហារលើតង់ជាច្រើននៅខាងក្នុងមន្ទីរពេទ្យអាល់ អាក់សា (Al-Aqsa) ដោយបានសម្លាប់មនុស្ស៤នាក់ និងជាច្រើននាក់ទៀតរងរបួស រួមទាំងអ្នកកាសែតប្រាំនាក់ផងដែរ។
ប៉ាឡេស្ទីនជាង ៣២.០០០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយលុកយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី៧ ខែតុលាមក នេះបើយោងតាមអាជ្ញាធរសុខាភិបាល។ មន្ត្រីសុខាភិបាលនិយាយថា អ្នកស្លាប់ភាគច្រើនជាជនស៊ីវិល ខណៈអ៊ីស្រាអែលនិយាយថា យ៉ាងហោចណាស់មួយភាគបីគឺជាអ្នកប្រយុទ្ធ។ សង្រ្គាមបានផ្ទុះឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាសបានទម្លុះព្រំដែន និងបានវាយលុកតាមសហគមន៍នានានៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សចំនួន១,២០០ នាក់ និងចាប់ពង្រត់ចំណាប់ខ្មាំងចំនួន២៥៣នាក់ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច



