សម្តេចធិបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវិនិយោគិនហុងកុង ដែលបានបោះទុនវិនិយោគនៅកម្ពុជា។
ការបញ្ជាក់នេះធ្វើឡើងនៅក្នុងជំនួបជាមួយប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣១ ខែកក្កដា ២០២៤។
ក្នុងឱកាសនៃជំនួប ឯកឧត្តម John KC LEE ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានគោរពជម្រាបជូនសម្តេចធិបតីនាយករដ្ឋមន្រ្តី អំពីគោលបំណងនៃដំណើរទស្សនកិច្ច គឺដើម្បីពង្រឹង និងពង្រីកចំណងទំនាក់ទំនងរវាងតំបន់រដ្ឋបាលពិសេសហុងកុង និងកម្ពុជា ជាពិសេសក្នុងវិស័យធុរកិច្ច វិនិយោគ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
ឯកឧត្តម John KC LEE បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រវិនិយោគិន និង ធុរជនហុងកុង នាពេលកន្លងមក។
សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះការ សម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងទីភ្នាក់ងារមួយចំនួនរបស់តំបន់រដ្ឋបាលពិសេសហុងកុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ការណ៍នេះនឹងបង្កើតបន្ថែមទៀតនូវយន្តការជំរុញវិនិយោគ និង ធុរកិច្ច និងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងដ៏រឹងមាំ រវាងកម្ពុជា-ចិន។
សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះវិនិយោគិនហុងកុង ដែលបានបោះទុនវិនិយោគនៅកម្ពុជា។
សម្ដេចធិបតី និងឯកឧត្តម John KC LEE ក៏បានពិភាក្សាអំពីការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង លើវិស័យសក្តានុពលជាច្រើន មានជាអាទិ៍៖ ពាណិជ្ជ កម្ម និងវិនិយោគ ហិរញ្ញវត្ថុ និងធនាគារ, បច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល, ទេសចរណ៍, ការអប់រំ និងការតភ្ជាប់ប្រជាជន និងប្រជាជន រួមទាំងការពិនិត្យលទ្ធភាពបង្កើនចំនួនជើងហោះ ហើរត្រង់ពីហុងកុង មកខេត្តសៀមរាបរបស់កម្ពុជា។
មុននឹងបញ្ចប់សម្តេចធិបតី បានគូសបញ្ជាក់ពីគោលនយោ បាយ និងយន្តការនានារបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតនិងបង្កើនបរិយាកាសអំណោយផល និងការលើកទឹកចិត្តដល់ការវិនិយោគនៅកម្ពុជា៕






