(ខេត្តព្រះសីហនុ,ថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ ២០២០) ៖ នៅសាលាខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិភាក្សាស្ដីអំពីការផ្ទេរការគ្រប់គ្រងការរៀបចំ និងការចាត់ចែង របបជូន ជនរងគ្រោះកំពុងស្នាក់នៅមណ្ឌលអប់រំបន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនបណ្តោះអាសន្នជូនរដ្ឋបាលខេត្ត កិច្ចប្រជុំនេះ បានដឹកនាំដោយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុកស្ទឹងហាវ ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធផងដែរ ។
ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុបានស្ដាប់មតិរបស់ ប្រធានមន្ទីរអង្គភាពជំនាញដែលបានចូលរួមក្នុងកិច្ចប្រជុំខាងលើនេះ ហើយឯកឧត្តមអភិបាលខេត្តបានធ្វើការណែនាំឱ្យបង្កើតក្រុមការងារមានអភិបាលរងខេត្តមួយរូបជាអ្នកដឹកនាំចុះពិនិត្យរកទីតាំង និងពិភាក្សាថា តើទីតាំងនោះមានសុវត្ថិភាព មានទឹក ភ្លើងគ្រប់គ្រាន់ និងត្រូវរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីការគ្រប់គ្រងធានាដល់សុខសុវត្ថិភាព ព្រោះមណ្ឌលអប់រំបន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនក្នុងខេត្តព្រះសីហនុ។ព្រោះអ្នកចូលមកក្នុងមណ្ឌល ជាអ្នកញៀនគ្រឿងញៀន និងអ្នកស្ម័គ្រមកទទួលសេវាអប់រំបន្សាបព្យាបាល និងស្តារនីតិសម្បទាញៀនគ្រឿងញៀនរបស់យើង។
ក្នុងឱកាសនោះឯកឧត្ដម អភិបាល ខេត្តព្រះសីហនុ បានណែនាំឲ្យអនុវត្តលិខិតលេខ២៥៣ស្តីពីបង្កើតមណ្ឌលអប់រំ បន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀន និងត្រូវរកទីតាំងសមស្របរៀបចំមណ្ឌលអប់រំបន្សាបព្យា បាល និងស្តារនីតិសម្បទា ជាមួយគ្នានេះត្រូវពិនិត្យការដឹកនាំរបស់កងរាជអាវុធហត្ថក្រុងព្រះសីហនុកន្លងមកស្តីពីការអប់រំបន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងរៀបចំបទបញ្ជាផ្ទៃក្នុង ដើម្បីដាក់ឆ្លងក្រុមប្រឹក្សាខេត្តជាអ្នកសម្រេចក្នុងគោលដៅធ្វើកំណែទម្រង់ស៊ីជម្រៅប្រកបដោយនិរន្តរភាព ក្នុងការផ្ទេរមករដ្ឋបាលខេត្តជាអ្នកគ្រប់គ្រង។
ទន្ទឹមនោះឯកឧត្ដមអភិបាលខេត្តក៏បាន ជួយឧបត្ថម្ភថវិកាមួយខែ ២លានរៀល ដល់មណ្ឌលអប់រំបន្សាបព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនកងរាជអាវុធហត្ថក្រុងព្រះសីហនុផងដែរ
សូមបញ្ជាក់ថា កន្លងទៅខេត្តព្រះសីហនុពុំទាន់មានមជ្ឈមណ្ឌបន្សាបគ្រឿងញៀនជាផ្លូវការនៅឡើយ គឺគ្រាន់តែមានមណ្ឌលបណ្ដោះអាសន្នក្រោមការគ្រប់គ្រងរបស់កងរាជអាវុធហត្ថខេត្ត៕
ដោយ៖មនោរាហ៍(កែសម្រួលដោយ មណ្ឌល កែវ)






