កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ក្រុមហ៊ុន កូកា-កូឡា បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តដ៏យូរអង្វែងចំពោះកិច្ចការចីរភាពរបស់ខ្លួននៅប្រទេសកម្ពុជា ក្នុងជំនួបទ្វេភាគីជាមួយ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
កិច្ចប្រជុំនេះ ធ្វើឡើងនៅក្នុងស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជានាទីក្រុងញូយ៉ក មុនពេលដែលឯកឧត្តមអញ្ជើញឡើងថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។
លោក Michael Goltzman អនុប្រធានជាន់ខ្ពស់នៃគោលនយោបាយសកល និងចីរភាព ដែលជាអ្នកតំណាងក្រុមហ៊ុន កូកា-កូឡា ក្នុងជំនួបទ្វេភាគីនោះ បានគូសបញ្ជាក់ពីការរួមចំណែកជាច្រើនទសវត្សរ៍របស់ក្រុមហ៊ុនចំពោះកំណើនសេដ្ឋកិច្ច ការងារអភិវឌ្ឍន៍ និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយចីរភាពរបស់ក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា។
ក្នុងជំនួបនោះ លោក Goltzman បានសង្កត់ធ្ងន់លើភាពស្របគ្នានៃគោលបំណងរបស់ ក្រុមហ៊ុន កូកា-កូឡា ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាសសរស្តម្ភដ៏សំខាន់នៃចក្ខុវិស័យរបស់ប្រទេសកម្ពុជាឆ្នាំ ២០៥០ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ យុទ្ធសាស្ត្រនេះ ផ្តោតលើអាទិភាពសំខាន់ៗចំនួនប្រាំ ដូចជា៖ មនុស្ស ផ្លូវ ទឹក អគ្គិសនី និងបច្ចេកវិទ្យា។ ក្រុមហ៊ុន កូកា-កូឡា ប្តេជ្ញាគាំទ្រដល់គោលដៅកាត់បន្ថយការបំភាយឧស្ម័នកាបូននៅកម្ពុជា ជាពិសេសនៅក្នុងវិស័យដែលជះឥទ្ធិពលខ្ពស់ដូចជា វិស័យវាយនភ័ណ្ឌកាត់ដេរជាដើម។
លោក Goltzman បានមានប្រសាសន៍ថា៖ «ខណៈពេលដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងសម្រេចឱ្យបានជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ក្រុមហ៊ុន កូកា-កូឡា ពិតជាមានមោទកភាពចូលខ្លួនជាដៃគូសហការ ក្នុងដំណើរឆ្ពោះទៅសម្រេចឲ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។
យើងកំពុងវិនិយោគលើដំណោះស្រាយដ៏មាននវានុវត្តន៍ ដែលលើកស្ទួយដល់ការអភិវឌ្ឍបៃតង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ដែលយើងកំពុងធ្វើប្រតិបត្តិការអាជីវកម្ម»។
ក្រុមហ៊ុន កូកា-កូឡា មានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៦៣ ហើយបានដើរតួនាទីដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកម្ពុជា និងរួមចំណែកក្នុងការផ្តល់ឱកាសការងារជាច្រើនកន្លែង ជាក់ស្តែងក្រុមហ៊ុនកំពុងមានបុគ្គលិកដែលបានបម្រើការដោយផ្ទាល់ចំនួនជាង ៨៣០ នាក់ បុគ្គលិកបម្រើការងារដោយប្រយោលជាង ៨០០០ នាក់។
៩៩,៧% នៃបុគ្គលិក គឺជាជនជាតិខ្មែរ។
លើសពីនេះ ៣៧% នៃបុគ្គលិកដែលកាន់តំណែងក្នុងជួរថ្នាក់គ្រប់គ្រងកម្រិតកណ្ដាល គឺជាស្រ្តី។
ប្រតិបត្តិការអាជីវកម្មរបស់ ក្រុមហ៊ុន កូកា-កូឡា នៅកម្ពុជា ត្រូវបានគាំទ្រដោយដៃគូរបស់ខ្លួន គឺក្រុមហ៊ុន ស្វាយអឺ កូកា-កូឡា លីមីធីត ដែលជាដៃគូផលិតភេសជ្ជៈធំជាងគេលំដាប់ទីប្រាំរបស់ក្រុមហ៊ុន កូកា-កូឡា ដោយកំពុងមានវត្តមាននៅ កម្ពុជា វៀត ណាម ចិន និងភាគខាងលិចសហរដ្ឋអាមេរិក។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ លោក Michael Goltzman អនុប្រធានជាន់ខ្ពស់នៃគោលនយោបាយសកល និងចីរភាព បានពិភាក្សាអំពីការរួមចំណែករបស់ ក្រុមហ៊ុន កូកា-កូឡា ចំពោះការគាំពារទឹក ការគ្រប់គ្រងសំណល់ប្លាស្ទិក ការបង្កើតសំបកវេចខ្ចប់ប្រកបដោយចីរភាព និងការលើកកម្ពស់ដល់សេដ្ឋកិច្ចចក្រា។
លោក Goltzman បានរំលឹកផងដែរថា ក្រុមហ៊ុននៅតែប្រកាន់ខ្ជាប់នូវការគាំទ្ររបស់ខ្លួន ចំពោះយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា ដោយបន្តការវិនិយោគលើគំនិតផ្តួចផ្តើមពាក់ព័ន្ធនឹងចីរភាព ទឹក និងការវេចខ្ចប់ ដែលជំរុញឱ្យមានផលវិជ្ជមានដល់មនុស្ស និងបរិស្ថាន៕






