ខេត្ដព្រៃវែង ៖ កូនល្មើសគុណ គ្រាន់តែឪពុកទាស់ពាក្យសម្តីជាមួយម្តាយបន្តិចបន្តួច ទាញកាំបុតផ្គាក់កាប់ចិញ្ច្រាំឪពុកបង្កេីតយ៉ាងសារហាវព្រៃផ្សៃ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ រួចរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 12និង30នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី17 ខែតុលា ឆ្នាំ2018 នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិអញ្ចាញ ឃំុក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
សមត្ថកិច្ចនគរបាលស្រុកកំចាយមារ បានឲ្យដឹងថា ជនរងគ្រោះក្នុងអំពេីហឹង្សាខាងលេី មានឈ្មោះ មិន បុត្រ ភេទប្រុស អាយុ37ឆ្នាំ មានទីលំនៅភូមិ ឃំុកេីតហេតុ បានរងរបួសជាច្រើនកន្លែង សុះសាច់ ធ្ងន់ធ្ងរ ត្រូវក្រុមគ្រួសារដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកជនសង្ស័យជាកូនបង្កើត មានឈ្មោះ នុត្រ ចំរេីន ភេទប្រុស អាយុ17ឆ្នាំ ក្រោយពីយកកាំបិតផ្គាក់កាប់ចិញ្ជ្រាំឪពុក សុះសាច់ រងរបួសជាទម្ងន់រួចហេីយ បានរត់គេចខ្លួនបាត់ស្រមោល។
ប្រភពព័ត៌មាននិយាយថា មុនពេលកើតហេតុជនរងគ្រោះបានទាស់ពាក្យសម្តីឈ្លោះគ្នាជាមួយប្រពន្ធបន្តិចបន្តួច ស្រាប់តែកូនតិរិច្ឆានរូបនោះ ទាញកាំបិតកាប់ប្រហារឪពុកពុកបង្កើតរបស់ខ្លួនយ៉ាងសារហាវគ្មានប្រណីដៃឡើយ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវ តាមរកចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសឲ្យខានតែបាន៕ សុឹម សាន់