កណ្តាល ៖ យុវជនម្នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលធ្វើការចាប់ខ្លួន
ខណៈដែលគេកំពុងធ្វើសកម្មភាពជួញដូរនូវសារធាតុញៀនខុសច្បាប់ នៅចំណុចលើខ្នងប្រឡាយ ស្ថិតក្នុងភូមិសេកពង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៨ ។
លោកវរសេនីយ៍ឯក មាន សំនាង អធិការ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ ផល ពន្លក ហៅលកភេទ ប្រុស អាយុ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករទីលំនៅបច្ចុប្បន្ន នៅភូមិព្រៃទទឹង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចបានធ្វើការដកហូតនូវម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនម៉ាទឹកកក ចំនួន១៤ កញ្ចប់តូច និងទូរសព្ទដៃ០១គ្រឿងម៉ាក Iphone5 ។
នៅនៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យ ផល ពន្លក បានឆ្លើយសារភាពថាខ្លួនគេពិតជាបានជួញដូរថ្នាំញៀន ពិតប្រាកដមែន ហើយថ្នាំញៀននេះ គឺឈ្មោះ នូ សុផាន់ណា ហៅពែក នៅភូមិតារ័ត្ន ឃុំលំហាច ជាអ្នកឲ្យមកខ្លួនដើម្បីលក់ បន្តដែលក្នុងមួយកញ្ចប់តម្លៃ៣០០០០រៀល ឈរចាំលក់ឱ្យគេតាមផ្លូវ និងធ្លាប់បាន ប្រើប្រាស់ថ្នាំញៀនរយៈពេលជាច្រើន ខែមកហើយ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ ដាំ ជា








