រាជធានីភ្នំពេញ ៖ លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ត្រូវបានតុលាការដោះលែងហើយ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៃស្ថាប័នតុលាការ ថ្លែងប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងនៅមុននេះបន្តិច។
មន្ដ្រីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «ត្រូវហើយលោក គឹម សុខ ត្រូវបានតុលាការដោះលែងឲ្យចេញពីពន្ធនាគារនៅថ្ងៃនេះ ក្រោយអនុវត្តការជាប់ទោសដល់ថ្ងៃកំណត់»។
គួរបញ្ជាក់ដែរថា លោក គឹម សុខ ដែលសាធារណជនមួយចំនួនហៅថា «អ្នកវិភាគសង្គម» កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក គី ប្ញទ្ធី សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ១៨ខែ និងពិន័យប្រាក់ចំនួន៨លានរៀល រួមនឹងប្រាក់សងជំងឺចិត្តដល់ដើមបណ្តឹង ៨០០លានរៀល ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍។ ការផ្តន្ទាទោសនេះ ធ្វើឡើងបន្ទាប់ពីលោក គឹម សុខ បានញុះញង់ និងបរិហារកេរ្តិ៍គណបក្សប្រជាជនកម្ពុជា ថានៅពីក្រោយឃាតកម្មបណ្ឌិត កែម ឡី៕











