ក្នុងខែកញ្ញា ឆ្នាំ២០២០ នេះ រាជរដ្ឋាភិបាលបានបញ្ចេញថវិកាប្រមាណជាង ២,៦ពាន់លានរៀល សម្រាប់បើកជូនស្ត្រីជាកម្មការិនីចំនួន ៦ ៤៥២នាក់ដែលបានសម្រាលកូននៅទូទាំងប្រទេស មានកូនសរុប ៦ ៥០៣នាក់ ក្នុងនោះស្ត្រីសម្រាលកូនភ្លោះពីរ មានចំនួន ៥១នាក់ ច្រើនជាងខែសីហា ឆ្នាំ២០២០។
យោងតាមរបាយការណ៍របស់បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានឲ្យដឹងថា នៅក្នុងខែសីហា ឆ្នាំ២០២០ មានស្ត្រីជាកម្មការិនីសម្រាលកូនចំនួន ៥ ៦៦២ នាក់ ដែលមានកូនសរុប ៥ ៦៩៩ នាក់ ក្នុងនោះមានកូនភ្លោះពីរ ចំនួន៣៧នាក់ ដោយរដ្ឋាភិបាល បានចំណាយថវិកាចំនួន ២,២៧៩,៦០០,០០០ រៀល ផងដែរ។

គួរបញ្ជាក់ថា សម្រាប់សមាជិក ប.ស.ស. ជាកម្មការិនីសម្រាលកូន អាចទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលត្រូវមានលក្ខខណ្ឌដូចខាងក្រោម ៖
ទី១. កម្មករនិយោជិតជាស្ត្រី ត្រូវអញ្ជើញមកបំពេញបែបបទនៅទីស្នាក់ការ ប.ស.ស ក្នុងរាជធានីខេត្ត អំឡុងពេលយ៉ាងយូរ៣ខែ មុនសម្រាលកូន។
ទី២. សាមីខ្លួន ត្រូវភ្ជាប់មកជាមួយនូវលិខិតពិនិត្យផ្ទៃពោះដែលបានបញ្ជាក់កាលបរិច្ឆេទត្រូវសម្រាល(អេកូ) ប័ណ្ណសមាជិក ប.ស.ស. ឬប័ណ្ណមូលនិធិសមធម៌សុខាភិបាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទច្បាស់លាស់របស់សាមីខ្លួន ដែលអាចទំនាក់ទំនងបាន។ ទី៣. ករណីសាមីខ្លួនមិនបានមកបំពេញបែបបទនៅ ប.ស.ស. ក្នុងអំឡុងពេលខាងលើ សាមីជន ឬអ្នកតំណាង ត្រូវជូនដំណឹងជាបន្ទាន់មកកាន់ ប.ស.ស. យ៉ាងយូរបំផុត ១(មួយ)ខែ ក្រោយថ្ងៃសម្រាលកូន។
ទី៤. សាមីខ្លួន ឬសាច់ញាតិ ត្រូវជូនដំណឹងមក ប.ស.ស. តាមលេខទូរសព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលដែលសម្រាកក្នុងមូលដ្ឋានសុខាភិបាល (មន្ទីរពេទ្យ) ដែលគ្មានភ្នាក់ងារ ប.ស.ស.។
ចំពោះសុពលភាព នៃការដាក់ឯកសារសម្រាប់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលមាន រយៈពេលយ៉ាងយូរបំផុតត្រឹមតែ៣០ថ្ងៃ ឬមួយខែ។

បើតាម ប.ស.ស កម្មការិនីដែលសម្រាលកូន ក៏នឹងទទួលបានប្រាក់បំណាច់ ៧០ភាគរយ នៃប្រាក់ឈ្នួលមធ្យមជាប់ភាគទានប្រចាំខៃ ពី ប.ស.ស ផងដែរ ប្រសិនបើថៅកែរបស់ពួកគាត់បានប្រកាសភាគទានមកក្នុង ប.ស.ស បានយ៉ាងតិចចំនួន ៩ខែ ក្នុងរយៈពេល ១២ខែចុងក្រោយ គិតមកត្រឹមខែដែលបានសម្រាលកូន។
គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្តផ្តល់គោលរបបប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលជូនដល់កម្មការិនី និងបុគ្គលិក ជាស្ត្រីសម្រាលកូន ទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ដូចខាងក្រោម ៖
សម្រាលបានកូន១ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤០ម៉ឺនរៀល សម្រាលបានកូនភ្លោះ២ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០ម៉ឺនរៀល និងសម្រាលបានកូនភ្លោះ៣ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០ម៉ឺនរៀល ហើយអ្វីដែលពិសេសជាងនេះទៅទៀត កូនភ្លោះទាំង៣ គឺជាកូនរបស់ សម្ដេចតេជោ នឹងទទួលបានប្រាក់ឧបត្ថម្ភដោយផ្ទាល់ពីសម្ដេច ចំនួន ៥លានរៀល៕






