ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់២នាក់ក្នុងថ្ងៃតែមួយ ដោយសារលង់ទឹកម្នាក់នៅស្រុកព្រះនេត្រព្រះ និងម្នាក់ទៀតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្នុងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា នៅចន្លោះម៉ោង២ទាបភ្លឺ ទៅម៉ោង២រសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ មានឈ្មោះ ចេង ប្រុស ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានក្រោកទៅមើលមោងដាក់ត្រីនៅចំនុចអូតាជ្រាំ ខាងត្បូងភ្នំកូនដំរី ចំងាយ៨៥០ម៉ែត្រ ដែលមានជំរៅទឹកប្រមាណ២,២០ម៉ែត្រ ស្ថិតក្នុងឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។ ដោយបាត់យូរពេកប្រពន្ធបានទៅតាមរកនៅកន្លែងដាក់មោង តែរកមិនឃើញ ក៏ត្រឡប់មកផ្ទះវិញ និងបានរកបងប្អូនក្នុងភូមិ ចំនួនពី៧-៨នាក់អោយទៅជួយតាមរកនៅកន្លែងដាក់មោងម្ដងទៀត លុះដល់វេលាម៉ោង២រសៀល ថ្ងៃខែឆ្នាំដដែល ពេលចុះទៅរកឃើញតែមោងក៏ទាញសាច់មោងមក ស្រាប់តែឃើញសាកសពរុំព័ទ្ធដោយសាច់មោងជាប់ បណ្ដាលអោយស្លាប់តែមិនដឹងតាំងពីរពេលណានោះឡើយ រួចក៏នាំគ្នាស្រង់យកមកដាក់លើគោក ដាក់ក្នុងអង្រឹងសែងយកមកផ្ទះ។
លោកអធិការបានបន្តថា បើឆ្លងតាមការរៀបរាប់បំភ្លឺ ពីឈ្មោះ ជិន ម៉ៅ ដែលត្រូវជាប្រពន្ធ (សាកសព) អាយុ៤៤ឆ្នាំ បានបញ្ជាក់សមត្ថកិច្ចថា ប្ដីរបស់ខ្លួនបានទៅមើលមោងតាំងពីយប់ម៉ោង២អាធ្រាតម្លេះ រហូតដល់ថ្ងៃមិនឃើញមកផ្ទះ គាត់បានទៅតាមរកនៅកន្លែងដាក់មោងតែមិនឃើញ ក៏មកហៅបងប្អូនក្នុងភូមិអោយទៅជួយរក ទើបឃើញប្ដីរបស់ខ្លួនរុំជាប់និងសាច់ម៉ោងស្លាប់បាត់ទៅហើយ មិនដឹងតាំងពីរពេលណានោះទេ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី ក៏បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មាន បានបង្កើតគណៈកម្មការ មានគ្រូពេទ្យមណ្ឌលសុខភាពចូលរួមផងដែរ ធ្វើកោសល្យវិច្ច័យពិនិត្យលើខ្លួនប្រាណសាកសព ឈ្មោះ ចេង ប្រុស ឃើញថាពុំមានស្លាក់ស្នាមអ្វីគួរអោយកត់សំគាល់ទេ។ តាមការសន្និដ្ឋានការស្លាប់នេះ ពិតជាស្លាប់ដោយសារលង់ទឹកពិតមែន ហើយយើងបានធ្វើកំំណត់ហេតុប្រគល់សាកសព ជូនប្រពន្ធដើម្បីធ្វើបុណ្យតាមប្រពៃណី។

ដោយឡែកនៅឯស្រុកមង្គលបូរីឯនោះវិញក៏លឺមានករណីលង់ទឹកស្លាប់ដូចគ្នា គឺបើតាមការឱ្យដឹង ពីនគរបាលស្រុកមង្គលបូរីបានឱ្យដឹងថា ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៣ និង៥៤នាទីរសៀល មានប្រជាពលរដ្ឋឈ្មោះ អឿ សារ៉ាត់ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិបឹងត្រស់ ឃុំចំណោម បានទៅមើលស្រែនៅខាងត្បូងភូមិ ចំងាយ១០០០ម៉ែត្រ បានប្រទះឃើញសពរបស់ឈ្មោះ ចាន់ នឿត ភេទប្រុស អាយុ៤៤ឆ្នាំ បានស្លាប់ក្នុងទឹកប្រឡាយ។
បើតាមករបំភ្លឺពីលោកមេភូមិ និងពលរដ្ឋដែលនៅក្នុងភូមិជាអ្នកជិតខាង ថាជនរងគ្រោះជាមនុស្សស្រវឹងខួប ហើយរស់នៅម្នាក់ឯងគ្មានប្រពន្ធ កូននៅជាមួយទេ។ មុនពេលស្លាប់ជនរងគ្រោះបានជិះកង់មកពីលើកមោង ហើយធ្លាក់ចូលទឹកប្រឡាយ បណ្តលឱ្យលង់ស្លាប់ គ្មានអ្នកណាធ្វើដឹង។
តាមការសន្និដ្ឋានសង្ស័យ គាត់ប្រហែលជាស្រវឹងស្រា ជិះកង់ធ្លាក់ក្នុងទឹកប្រឡាយ ទាំងកង់ទាំងមនុស្ស បណ្តាលឲ្យលង់ស្លាប់។ សពត្រូវបានប្រគល់ជូនសាច់ញាតិ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕






