
(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០)៖ក្មេងប្រុសម្នាក់បានបាត់បង់ជីវិតភ្លាមៗនិងក្មេងស្រីម្នាក់ទៀតរងរបួសធ្ងន់ ដោយសាររន្ទះបាញ់ ។ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ៣និង១៥នាទី រសៀលថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២០ នៅត្រង់ចំណុចត្រពាំងក្រសាំងចំងាយពីភូមិខ្វាវកើត ឃុំរលួស ស្រុកស្វាយចេក ចម្ងាយពីភូមិប្រមាណ២.១០០ម៉ែត្រ ។
លោកវរសេនីយ៍ឯកជា ស្លូញ អធិការនគរបាលស្វាយចេក បានឲ្យដឹងថា៖ជនរងគ្រោះម្នាក់ឈ្មោះឡោម សុជាតិ ភេទ ប្រុស អាយុ 15 ឆ្នាំ រស់នភូមិ បែកចានថ្មី ឃុំ រលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ(ស្លាប់)និងម្នាក់ទៀត2.ឈ្មោះ យិន ឈុនលី ភេទ ស្រី អាយុ 18ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា (របួស) ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក
។ជនរងគ្រោះទាំងពីរនាក់នេះបានទៅស៊ីឈ្នួលដាំដំឡូងគេ។
លោកអធិការបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង០២នាក់ បានទៅស៊ីឈ្នួល ដាំដំឡូងមីឲ្យអ្នកជិតខាងក្នុងភូមិ នៅពេលកំពុងតែដាំមេឃបានធ្លាក់ភ្លៀង ហើយជនរងគ្រោះបាននាំគ្នារត់រកកន្លែងជ្រកតែមិនទាន់ដល់កន្លែងជ្រកភ្លៀងផងក៏ត្រូវរន្ទះបាញ់តែម្តង បណ្តាលឲ្យក្មេងវ្រុសអាយុ១៥ឆ្នាំម្នាក់ស្លាប់នៅនឹងកន្លែងនិងម្នាក់ទៀត ជានារីវ័យ១៨ឆ្នាំម្នាក់ នោះរងរបួស ។
ទាក់ទិនឹងករណីនេះដែរ លោកអធិការបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមឲ្យមានការប្រុងប្រយ័ត្នជានិច្ចនៅពេលមេឃជិតភ្លៀងត្រូវនាំគ្នារកទីកន្លែងមានសុវត្ថិភាព ព្រោះបច្ចុប្បន្នជារដូវវស្សា ពេលមេឃភ្លៀងមានផ្គររន្ទះសាហាវណាស់ ៕