បន្ទាយមានជ័យ ៖ យ៉ាងហោចក៏មានកុមារ៉ាម្នាក់ និងកុមារីម្នាក់ បានលង់ទឹកស្រះស្លាប់ ដោយឡែកពីគ្នាម្នាក់នៅស្រុកមង្គលបូរីនិងម្នាក់ទៀតនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
តាមប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោកបល្ល័ង្គ បានឲ្យដឹងថា នៅវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៨ មានក្មេងប្រុសម្នាក់ឈ្មោះនួន ម៉ាណាវ ភេទប្រុស អាយុ២ឆ្នាំ នៅភូមិគោកបល្ល័ង្គ ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី បានលង់ទឹកនៅនិងស្រះកៀនផ្ទះស្លាប់ ។ មូលហេតុដោយម្ដាយរវល់ទៅលក់ទឹកអំពៅ ហើយបានទុកកូនផ្ញើឲ្យនៅនឹងអ៊ុំ ពេលនោះដោយអ៊ុំ រវល់តែអង្គុយមើលទូរទស្សន៍ភ្លេចនឹកគិតថា មានក្មួយម្តាយយកមកផ្ញើ ពេលនឹកឃើញបាត់ក្មេងនោះពេលទៅរកស្រាប់តែឃើញសពក្មេងអណ្ដែតទឹកស្រះស្លាប់ទៅហើយ ។
មួយករណីទៀតនៅស្រុកស្វាយចេក បើតាមការឲ្យដឹងពីនគរបាលមូលដ្ឋាន បានប្រាប់ថា ថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០១៨ ចន្លោះពី ម៉ោងពី១៤ និង៣០នាទី ដល់ ១៦រសៀល មានករណីក្មេងលង់ទឹកស្លាប់ កុមារីរងគ្រោះ ឈ្មោះ ធូ សុលី ភេទស្រី អាយុ៧ឆ្នាំ រស់នៅភូមិបន្ទាត់បោះ ឃុំតាផូ ស្រុកស្វាយចេក។
មន្ត្រីនគរបាលមូលដ្ឋាន បានបញ្ជាក់ថា ឪពុកម្ដាយកុមារីរងគ្រោះទៅធ្វើការនៅឯស្រុកថៃ ដោយទុកកូនអោយយាយតាមើល នៅថ្ងៃកើតហេតុ យាយ និងតារវល់ទៅស្រែ ទុកចៅនៅផ្ទះម្នាក់ឯង ពេលនោះ កុមារីរងគ្រោះនាំគ្នា ទៅដើរលេងជាមួយកុមារីម្នាក់ទៀតឈ្មោះ អោក ចាន់ព្រេង អាយុ៧ឆ្នាំ លុះទៅដល់ចំនុចកើតហេតុ នៅស្រះខាងត្បូងភូមិ ចំងាយ១០០ម៉ែត កុមារីរងគ្រោះក៏ចុះងូតទឹកលេង បណ្តាលឲ្យលង់តែម្ដង បន្ទាប់មកកុមារីឈ្មោះ អោក ចាន់ព្រេង រត់មកអោយគេជួយ តែទម្រាំទៅដល់កុមារី រងគ្រោះបានស្លាប់ទៅហើយ ។
បច្ចុប្បន្នសពកុមារទាំង២នាក់ ត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកស្តាយក្រៃលេង។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ឪពុកម្តាយ និងអាណាព្យាបាលទាំងសូមមេត្តាកុំបណ្តែតបណ្តោយឲ្យកូន ចៅតូចៗ ទៅលេងទឹកឬក៏នៅម្នាក់ឯង ជាក់ស្តែងដូចកុមារទាំង២នាក់នេះ ដោយសារតែការឆ្វែសប្រហែសនាំឲ្យបាត់បង់អាយុជីវិតកូនចៅ ៕ ដោយ រក្សា













