ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់សង្ស័យដាច់បាយ ហើយខ្យល់គរស្លាប់ ត្រូវបានក្មេងៗក្នុងភូមិដើរទៅបាចត្រីប្រទះឃើញដេកស្លាប់លើភ្លឺស្រែ បង្កអោយមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង០៣ និង១០នាទី រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចវាលស្រែខាងលិចភូមិពោធិ៍ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់នគរបាលស្រុកនិយាយថា មានក្មេងៗមួយក្រុម ដើររកបាចត្រីតាមវាលស្រែក្បែរភូមិ ហើយប្រទះឃើញសាកសពមនុស្សប្រុសម្នាក់ដេកស្លាប់ ក៏ប្រញាប់រត់មករាយការណ៍ប្រាប់អ្នកភូមិ និងបានរាយការបន្តទៅសមត្ថកិច្ច។
នគរបាលនិយាយថា សពជនរងគ្រោះមានឈ្មោះ ទិត្យ ស៊ុន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិក្រាំងរលួស ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជាមនុស្សមានជំងឺសរសៃប្រាសាទផងដែរ។ នគរបាលស្រុកបន្តថា នៅមុនពេលភ្ញាក់ផ្អើលឆោឡោនោះគឺ មានក្មេង១ក្រុម មានគ្នា៣នាក់ទី១ ឈ្មោះ ខន ទី ភេទប្រុស អាយុ២៣ឆ្នាំ, ទី២ឈ្មោះ លី ទិត្យ ភេទប្រុស អាយុ១៥ឆ្នាំ និងទី៣ ឈ្មោះ ឡុង សុខចាន់ ភេទប្រុស អាយុ១២ឆ្នាំ។ ពួកគេទាំង៣នាក់ រស់នៅភូមិកើតហេតុខាងលើ បានដើររកបាចត្រីតាមវាលស្រែខាងលិចភូមិ ចម្ងាយប្រហែល១គីឡូម៉ែត្រ បានប្រទះឃើញសាកសពជនរងគ្រោះ ដេកស្លាប់យ៉ាងអាណោចអាធម៌ ក៏រត់មកប្រាប់អ្នកភូមិ។
ប្រភពដដែលបន្តថា នៅពេលអ្នកភូមិនាំគ្នារត់ទៅមើល ក៏ស្គាល់អត្តសញ្ញាណជនរងគ្រោះ ជាមនុស្សសរសៃប្រសាទ ដើរតែលតោលគ្មានគោលដៅ រួចក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកស្រាវជ្រាវរកសាច់ញាតិ។ ក្រោយពីសមត្ថកិច្ចចុះមកដល់ពិនិត្យ លើសាកសពគ្មានពាក់ពន្ធ័នឹងអំពើឃាតកម្មនោះទេ គឺជនរងគ្រោះដេកស្លាប់ដោយអត់បាយ ហើយខ្យល់គរ រួចក៏ទាក់ទងក្រុមគ្រួសារ ឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ អ៊ុ ណូន






