ក្រសួងទេសចរណ៍កំពុងសិក្សាពីការរៀបចំដាក់ចេញកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសៗបន្ថែមទៀត ដើម្បីជំរុញចលនាទេសចរទៅទស្សនានៅខេត្តសៀមរាប ពិសេសគឺដើម្បីត្រៀមចាប់ផ្តើមបើកឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) និងត្រៀមការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នៅកម្ពុជា។
ថ្លែងក្នុងកិច្ចប្រជុំអនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍លើកទី១នៃគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រសួងទេសចរណ៍កំពុងសិក្សាជាមួយស្ថានប័នពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ដាក់ចេញនូវកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសសម្រាប់ខេត្តសៀមរាប ដោយក្នុងនោះនឹងសិក្សាស្នើសុំការពិនិត្យ និងសំរេចពីរាជរដ្ឋាភិបាលលើសំណើមួយចំនួន។
សំណើបង្កើតកញ្ចប់ទស្សនកិច្ចពិសេសសម្រាប់ខេត្តសៀមរាប ដែលគ្រោងស្នើទៅកាន់រាជរដ្ឋាភិបាលនោះ រួមមាន៖
១. បណ្ណចូលទស្សនារមណីយដ្ឋានអង្គរពេញមួយជីវិត (Angkor Life time Pass) ដោយអាចមានជាជម្រើសក្នុងការគិតគូរលក់ជាកញ្ចប់បណ្ណទស្សនា (Angkor Pass Package) ដែលអាចឱ្យទេសចរអន្តរជាតិទស្សនាតំបន់ប្រាសាទ ឬតំបន់ផ្សេងៗទៀតពេញមួយជីវិត ឬការលក់បណ្ណជាទម្រង់កញ្ចប់ទស្សនកិច្ចអាទិភាព ( Privileged Pass Package) ដែលអនុញ្ញាតឱ្យទេសចរអន្តរជាតិអាចមានសិទ្ធិអាទិភាពក្នុងការប្រើប្រាស់សេវាកម្មទេសចរណ៍និងចូលទស្សនារមណីដ្ឋានអង្គរពេញមួយជីវិត ដើម្បីទាក់ទាញឱ្យទេសចរមកទស្សនាច្រើនដង។
២ . ការដោះស្រាយថ្លៃសំបុត្រទូកទេសចរណ៍តំបន់ចុងឃ្នៀសសម្រាប់ទេសចរជាតិ។
៣. ការជំរុញការតភ្ជាប់ជើងហោះត្រង់ពីកោះត្រល់ (Phu Quoc) មកកាន់ខេត្តសៀមរាប។
៤. ការជំរុញប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលលក់សំបុត្រ តម្លៃ ទាប នៅកម្ពុជា។
ឯកឧត្ដម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអនុគណៈកម្មការផ្សព្វផ្សាយនិងទាក់ទាញទេសចរណ៍ បានបញ្ជាក់បន្ថែមថា ក្រសួងទេសចរណ៍នឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយទៀតជាមួយស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ក្នុងការរួមគ្នាដាក់ចេញកញ្ចប់ទស្សនកិច្ចពិសេសខេត្តសៀមរាប ដោយនឹងបង្កើតកម្មវិធីលើកទឹកចិត្តថ្មីៗ និងភាពទាក់ទាញថ្មីបន្ថែមទៀតសម្រាប់ខេត្តសៀមរាប។
គួរជម្រាបថា សម្រាប់ឆមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង៥០ម៉ឺននាក់ កើនទ្បើង ៣៩៤.១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះខេត្តសៀមរាបទទួលបានទេសចរអន្តរជាតិចំនួន៦០,៤៣៥នាក់។ គម្រោងសិក្សាពីការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសនៅខេត្តសៀមរាបនេះ គឺដើម្បីជំរុញចលនាទេសចរទៅកាន់គោលដៅទេសចរណ៍នេះបន្ថែម សំដៅឱ្យបានប្រមាណ៥០ម៉ឺននាក់ ឬច្រើនលើសពីនេះនៅឆ្នាំ២០២៣ខាងមុខ។
គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសបិទសន្និបាតក្រសួងទេសចរណ៍កន្លងទៅ ក៏បានសម្រេចយកឆ្នាំ២០២៣ ជំរុញទាក់ទាញឱ្យភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាឱ្យបានច្រើនឡើងវិញ ក្រោមយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣ Visit Cambodia Year 2023) ខណៈឆ្នាំ២០២៣ខាងមុខនោះដែរ ក៏ជាឆ្នាំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមផងដែរ ក្នុងនោះការជំរុញចលនាទេសចរផ្ទៃក្នុងក៏នៅតែយុទ្ធសាស្ត្រសំខាន់ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានដាស់តឿននិងក្រើនរលឹក។







